លោកគីមជុងអ៊ុននិងលោកពូទីននឹងមានវត្តមានក្នុងពិធីព្យុហយាត្រាយោធាថ្ងៃទី៣ខែកញ្ញា
ក្រុងប៉េកាំង៖ ឧបការីរដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃទី២៨ ខែសីហា បានឱ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមានវត្តមានចូលរួមក្នុងពិធីព្យុហយាត្រាយោធា ដ៏ធំសម្បើមមួយនៅក្នុងទីក្រុងប៉េកាំង នៅថ្ងៃទី៣ ខែកញ្ញា ដើម្បីប្រារព្ធខួប៨០ឆ្នាំ នៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Hong Lei បានប្រកាសពីវត្តមានចូលរួមរបស់លោក គីម ជុងអ៊ុន នៅឯសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោក គីម បានធ្វើទស្សនកិច្ច លើកចុងក្រោយបំផុតទៅកាន់ប្រទេសចិន កាលពីខែមករា ឆ្នាំ២០១៩ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ តាមលោក Hong Lei មេដឹកនាំមកពីប្រទេសចំនួន២៦ ក្នុងនោះរួមមានប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីបេឡារុស លោក Aleksandr Lukashenko ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezashkian ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto និងប្រធានសភាជាតិកូរ៉េខាងត្បូង លោក Woo Won-shik នឹងត្រូវចូលរួមក្នុងពិធីព្យុហយាត្រាអបអរទិវាជ័យជម្នថ្ងៃទី៣ ខែកញ្ញា។
គួរបញ្ជាក់ថា ព្យុហយាត្រាយោធាទិវាជ័យជម្នះថ្ងៃទី៣ ខែកញ្ញា នឹងក្លាយជាឱកាសដែលចិនបង្ហាញពីការកើនឡើងអំណាចយោធា និងទំនាក់ទំនងការទូតរឹងមាំរបស់ខ្លួនជាមួយរុស្ស៉ី និងបណ្ដាប្រទេស Global South។ ក្នុងថ្ងៃនោះដែរ លោក ស៊ី ជីនពីង នឹងចុះត្រួតពិនិត្យកងទ័ពរាប់សែននាក់នៅឯទីលាន Tiananmen រួមជាមួយថ្នាក់ដឹកនាំបរទេស និងថ្នាក់ដឹកនាំកំពូលៗរបស់ចិន ខណៈចិន ត្រូវបានរំពឹងថានឹងសម្ញែងអាវុធទំនើបចុងក្រោយបំផុតរបស់ខ្លួន ដូចជាយន្ដហោះចម្បាំង ប្រព័ន្ធការពារដែនអាកាស និងអាវុធល្បឿនលឿនជាងសំឡេង៕
