រយៈពេល១ខែនៃការអនុវត្តបទឈប់បាញ់ទោះបីជាស្ថានភាពនៅផុយស្រួយប៉ុន្តែក៏សម្រេចនូវលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់បញ្ចៀសបាននូវការផ្ទុះអាវុធរហូតដល់សព្វថ្ងៃ
ភ្នំពេញ៖ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រយៈពេល១ខែ នៃការអនុវត្តបទឈប់បាញ់ ទោះបីជាស្ថានភាពនៅផុយស្រួយ ក៏ប៉ុន្តែមានកិច្ចខិតខំប្រឹងប្រែងដែលសម្រេចនូវលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ដោយបញ្ចៀសបាននូវការផ្ទុះអាវុធរហូតដល់សព្វថ្ងៃ។
ឯកឧត្ដមប៉ែន បូណា លើកឡើងបែបនេះ នៅក្នុងឱកាសសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដោយលោកបញ្ជាក់ដូច្នេះថា៖ «រយៈពេល១ខែ នៃការអនុវត្តបទឈប់បាញ់ ទោះបីជាស្ថានភាពនៅផុយស្រួយ ក៏ប៉ុន្តែមានកិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើង ទាំងភាគីកម្ពុជា ថៃ និងភាគីពាក់ព័ន្ធ ដោយសម្រេចនូវលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ដោយបញ្ចៀសបាននូវការផ្ទុះអាវុធរហូតដល់សព្វថ្ងៃ»។
លទ្ធផលវិជ្ជមានទាំងនោះមានដូចជា កិច្ចប្រជុំ GBC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដោយសម្រេចបានលទ្ធផល១៣ចំណុច, កិច្ចប្រជុំ RBC ចំនួន៤លើក ដែលទទួលបានលទ្ធផលឯកភាពគ្នាជាច្រើន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ដោះស្រាយបញ្ហា បន្ធូរបន្ថយភាពតានតឹង បញ្ចៀសនូវផ្ទុះអាវុធ។ ក្រៅពីនោះ ប្រទេសទាំងពីរ ក៏បានរៀបចំដំណើរទស្សនកិច្ចអង្គទូត និងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន IOT ដែលមានសមាសភាពចូលរួមដោយអនុព័ន្ធយោធាប្រទេសនីមួយ ដែលបានរៀបចំជាច្រើនឡើងចុះពិនិត្យព្រំដែនដែលមានជម្លោះ ដើម្បីពិនិត្យមើលជាក់ស្តែង និងធ្វើជាសាក្សី។ បន្ថែមពីនេះ ថ្នាក់ដឹកនាំកំពូលកម្ពុជា ថៃ និងម៉ាឡេស៊ី តែងតែទាក់ទងគ្នាជាបន្តបន្ទាប់ ដើម្បីជជែកដោះស្រាយបញ្ហានានា ក្នុងន័យបញ្ចៀសភាពតានតឹង ធ្វើយ៉ាងណាឱ្យបទឈប់បាញ់ ឱ្យស្ថិតនៅជាធរមាន។
ឯកឧត្ដម ប៉ែន បូណា បានបន្តបង្ហាញអំពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេស ក្នុងការការពារសន្តិភាព ទាមទារឱ្យដោះលែងយោធិនទាំង១៨នាក់ ក៏ដូចជាការពារបូរណភាពទឹកដីរបស់ខ្លួន ដោយភាពថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់ ដែលឯកឧត្ដមចាត់ទុកថា ស្មារតីនេះស័ក្តិសមជាប្រជាពលរដ្ឋនៃប្រទេសដែលមានអរិយធមខ្ពង់ខ្ពស់ មានវប្បធម៌ដ៏ចំណាស់ និងមានសីលធម៌ល្អ។
ឯកឧត្ដមបានចោទជាសំណួរថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងឈប់បាញ់កើតឡើង ឬកិច្ចព្រមព្រៀងនេះត្រូវបានខូចខាតទៅវិញ ហើយការប្រយុទ្ធគ្នានៅតែបន្តរហូតដល់សព្វថ្ងៃ តើសោកនាដកម្មមានទំហំធំធេងប៉ុណ្ណា សម្រាប់ប្រទេសជាតិ និងប្រជាជនទាំងសងខាង។ ឯកឧត្ដមបន្តថា សំណួរនេះអាចឱ្យយើងយល់បានពីតម្លៃឈប់បាញ់ និងពីតម្លៃនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយការអត់ធ្មត់របស់គ្រប់ភាគីទាំងអស់ ជាពិសេសការអត់ធ្មត់របស់ថ្នាក់ដឹកនាំ ដែលតែងតែចាត់ទុកសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត ដូច្នេះការផ្តល់ទំនុកចិត្តលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសបានកំពុងធ្វើនៅពេលនេះ គឺជារឿងមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះថ្នាក់ដឹកនាំរបស់យើង នៅពេលធ្វើការសម្រេចចិត្តលើរឿងអ្វីមួយក៏ដោយ គឺប្រកបដោយាករទទួលខុសត្រូវខ្ពស់បំផុត ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕
