សម្តេចមហាបវរធិបតីដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូកនៅទីក្រុងធានជីនប្រទេសចិន
ភ្នំពេញ៖តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមានិតចិន។
អញ្ជើញអមដំណើរសម្តេចបវរធិបតី រួមមានឯកឧត្ដមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសបានឱ្យដឹងថា ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចបវរធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថា ពាក់ព័ន្ធនឹងមូលបទនៃកិច្ចប្រជុំកំពូល «ការអនុវត្ត ពហុភាគីនិយម ការធានានូវសន្តិសុខតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចបវរធិបតី នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។
សម្តេចបវរធិបតី ក៏នឹងរំពឹងជួបជាមួយថ្នាក់ដឹកនាំបរទេសមួយចំនួន ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ៕

