ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំបញ្ជាក់សារជាថ្មីថា «មិនមានការបែកធ្លាយវិញ្ញាសារនោះទេ» 

111

ភ្នំពេញ៖ក្រោយមានការបង្ហោះសារនៅលើបណ្ដាញសង្គម និងចែកចាយជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការបែកធ្លាយវិញ្ញាសារ, លោកជំទាវឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានប្រាប់ឱ្យដឹងថា សារជាថ្មីថា «មិនមានការបែកធ្លាយវិញ្ញាសារនោះទេ» ហើយករណីនេះក្រសួងបាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់បំផុត។

លោកជំទាវបានបញ្ជាកយ៉ាងដូច្នេះថា៖ «មិនមានការបែកធ្លាយវិញ្ញាសារទេ។ ការបង្ហោះនេះគឺធ្វើឡើងក្រោយពេលការប្រឡងមុខវិជ្ជាគណិតវិទ្យាបានដំណើរការរួច។ ក្រសួងកំពុងសិក្សាស្រាវជ្រាវបន្ថែម»។ 

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ និងអនុវត្តយន្តការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិយ៉ាងម៉ឹងម៉ាត់ រាប់ចាប់តាំងពីការតាក់តាំង ការគ្រប់គ្រងវិញ្ញាសារ និងដំណើរការនៃការប្រឡងតាំងពីសំណេរ រហូតដល់ការប្រកាសលទ្ធផល ដើម្បីរក្សាយ៉ាងណាឱ្យការប្រឡងនេះ គោរពបាននូវគោលការណ៍ «អ្នកចេះ គឺជាប់»។

សូមជម្រាបថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ២៨ សីហា ២០២៥ ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានបញ្ចប់ហើយនៅម៉ោង១៦:៣០រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តិទៅប្រកបដោយភាពរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់» បើទោះបីជាមានបញ្ហាអាកាសធាតុ អាកាសធាតុ ក៏ដោយ។

ក្រសួងបានអះអាងថា ជារួមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»។

ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។

មណ្ឌលប្រឡងសរុប ២៤១មណ្ឌល ត្រូវជា ៥.៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧២មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩បន្ទប់។ ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរ ការសំណេរសរុប ៣១,២០៣នាក់។

អត្ថបទដែលជាប់ទាក់ទង