ឯកឧត្ដម Modiនាយករដ្ឋមន្ត្រីឥណ្ឌា ប្រាប់ឯកឧត្ដមស៉ីជីនពីងថាឥណ្ឌាប្តេជ្ញាចំពោះការធ្វើឱ្យទំនាក់ទំនងប្រសើរឡើងជាមួយចិន
ធានជីន៖នាយករដ្ឋមន្រ្តីឥណ្ឌា ឯកឧត្ដម Narendra Modi បាននិយាយថា ទីក្រុងញូវដែលីប្តេជ្ញាចំពោះការធ្វើឱ្យប្រសើឡើងវិញ នូវទំនាក់ទំនងជាមួយទីក្រុងប៉េកាំង អំឡុងកិច្ចប្រជុំសំខាន់មួយជាមួយប្រធានាធិបតីចិន ឯកឧត្ដម ស៉ី ជីនពីង នាថ្ងៃអាទិត្យ ទី៣១ ខែសីហា ស្របពេលដែលមហាយក្សអាស៉ីទាំងពីរ ព្យាយាមដោះស្រាយការខ្វែងគំនិតគ្នា ដែលបង្កឡើងដោយវិវាទព្រំដែនច្រើនឆ្នាំ មកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ឯកឧត្ដមModi កំពុងស្ថិតនៅប្រទេសចិនជាលើកដំបូង គិតក្នុងរយៈពេល៧ឆ្នាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូល២ថ្ងៃ នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Tianjin រួមជាមួយប្រធានាធិបតីរុស្ស៉ី ឯកឧត្ដម វ៉្លាឌីមៀ ពូទីន ព្រមទាំងបណ្តាមេដឹកនាំបរទេសជាច្រើនរូបទៀត មកពីតំបន់អាស៉ីកណ្តាល អាស៉ីខាងត្បូង អាស៉ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា ក្នុងការបង្ហាញមួយនូវសាមគ្គីភាពនៃក្រុមប្រទេសលោកខាងត្បូង។ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំនោះ ឯកឧត្ដម Modi បានជួបពិភាក្សា ជាមួយលោក ស៉ី។
គួរបញ្ជាក់ថា ជំនួបទ្វេភាគីរវាងឯកឧត្ដម Modi និងឯកឧត្ដម ស៉ី គឺកើតមានឡើង ៥ថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានដំឡើងពន្ធដល់ ៥០ភាគរយ ពោលគឺគុណនឹងពីរ ទៅលើទំនិញដែលនាំចូលពីឥណ្ឌា ក្រោមហេតុផល ដោយសារទីក្រុងញូវដែលីនៅតែបន្តទិញប្រេង ពីរុស្ស៉ី។ បើតាមក្រុមអ្នកវិភាគ ឯកឧត្ដម ស៉ី និងឯកឧត្ដម Modi កំពុងព្យាយាមស្តែងឱ្យឃើញពីការរួបរួមសាមគ្គីគ្នា ប្រឆាំងសម្ពាធរបស់លោកខាងលិច៕

