សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក
ធានជីន, ចិន៖នៅរសៀលថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចមហា បវរធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រ ជុំកំពូលអង្គការ សហ ប្រតិ បត្តិការសៀងហៃបូក ដែលរៀបចំធ្វើឡើង នៅ ទីក្រុងធានជីន ប្រទេសចិន។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយប្រធានាធិបតីចិន ឯកឧត្ដម ស៊ី ជីនពីង និងមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំបណ្តាប្រទេសនានាជាសមាជិក អ្នកសង្កេតការណ៍ ដៃគូសន្ទនាជាង២០ប្រទេស និងមេដឹកនាំអង្គការ អន្តរ ជាតិ មួយចំនួន ទៀត ដូចជាអង្គការសហ ប្រជាជាតិ និងអាស៊ាន។
សូមបញ្ជាក់ថា អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ឬហៅកាត់ថា SCO គឺជាអង្គ ការ មួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១។ បច្ចុប្បន្នអង្គការនេះមានសមាជិកពេញ សិទ្ធិចំនួន១០ រួមមានចិន រុស្ស៉ី កាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន តាហ្ស៉ីគីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌា ប៉ាគីស្ថាន អ៉ីរ៉ង់ និងបេឡារុស។
អង្គការនេះ បានលេចចេញជារូបរាងតាំងតែពីឆ្នាំ១៩៩៦ម្ល៉េះ ក្នុងនាមជាប្លុកសន្តិសុខមួយ មានឈ្មោះថា «Shanghai Five» ដែលត្រូវបានបង្កើតឡើងដោយចិន រុស្ស៉ី កាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន និងតាហ្ស៉ីគីស្ថាន ដើម្បីផ្សះផ្សាជម្លោះព្រំដែនរបស់ បណ្ដា ប្រទេសទាំងនេះ បន្ទាប់ពីសង្រ្គាមត្រជាក់បិទបញ្ចប់ជាមួយការដួលរលំ សហភាព សូវៀត។ រហូតដល់ខែមិថុនា ឆ្នាំ២០០១ ទើបអង្គការនេះបានប្ដូរឈ្មោះមក ជាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ឬហៅកាត់ថា SCO ដោយបន្ថែមអ៊ូសបេគី ស្ថានជាសមាជិក និងមានទីស្នាក់ការក្នុងទីក្រុងប៉េកាំង។ នៅឆ្នាំ២០១៧ SCO បានបញ្ចូលសមាជិកបន្ថែមដូចជាឥណ្ឌា និងប៉ាគីស្ថាន។ អ៉ីរ៉ង់បានចូលជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ២០២៣ និងបេឡារុសនៅឆ្នាំ២០២៤។
លើសពីនេះទៅទៀត SCO ក៏មានដៃគូសន្ទនាចំនួន១៤ ផងដែរមានដូចជា អារ៉ាប៊សាអូឌីត អេហ្ស៉ីប តួកគីយ៉េ មីយ៉ាន់ម៉ា ស្រីលង្កា និងកម្ពុជា។
រដ្ឋជាសមាជិក SCO មានប្រជាជនសរុបជាង ៣ពាន់លាននាក់ ស្មើនឹងប្រមាណ ៤៣ភាគរយនៃប្រជាជនពិភពលោក និងតំណាង២៣ភាគរយ ឬជិតស្មើនឹង ១ភាគ៤ នៃសេដ្ឋកិច្ចពិភពលោក។
SCO ផ្តោតជាចម្បងលើកង្វល់ទាក់ទងនឹងសន្តិសុខ ដែលជារឿយៗពួកគេជជែកគ្នា ពីបញ្ហាប្រឈមមុខដូចជាអំពើភេរវកម្ម ក្រុមបំបែកខ្លួន និងក្រុមជ្រុលនិយម៕

