វៀតណាមនឹងធ្វើការងារជាមួយប្រធានអាស៊ានប្តូរវេនដើម្បីឃ្លាំមើលនិងជំរុញឱ្យកម្ពុជា-ថៃអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពនិងវិលទៅរកប្រក្រតីភាព
ភ្នំពេញ៖ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានគូសបញ្ជាក់ថា ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្រ្តីវៀតណាម ឯកឧត្ដម ផាម មិញជិញ ភាគីទាំងពីរបានជជែកអំពីយន្តការជំរុញការអនុវត្តន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យមានប្រសិទ្ធភាព ហើយវៀតណាមនឹងធ្វើការជាមួយប្រធានអាស៊ានប្តូរវេន ដើម្បី ជំរុញឱ្យស្ថានភាពវិលមករកប្រក្រតីភាពឡើងវិញ។
ឯកឧត្ដម ជា ធីរិទ្ធ គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា មកដល់មាតុភូមិវិញដោយសុវត្ថិភាព នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយបញ្ចប់បំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។
ឯកឧត្ដមបានគូសបញ្ជាក់ថា វៀតណាមចង់ឃើញភាគីទាំងពីរ គឺកម្ពុជា និងថៃ ដោះស្រាយជាមួយគ្នាដោយសន្តិវិធី ដើម្បីធ្វើឱ្យស្ថានភាពវិលមករកប្រក្រតីភាពឡើងវិញ។ ទន្ទឹមគ្នានេះ វៀតណាមនឹងខិតខំប្រឹងប្រែងធ្វើការងារនេះជាមួយនឹង ឯកឧត្ដមអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីឃ្លាំមើល និងធានាថាបទឈប់បាញ់រវាងកម្ពុជា បានអនុវត្តមានប្រសិទ្ធភាព។
ឯកឧត្ដម បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វៀតណាម–កម្ពុជាបានជជែកគ្នា ថាតើមានយន្តការអ្វីខ្លះ ដើម្បីធានាបានថាការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា និងថៃមានប្រសិទ្ធភាព ហើយនៅក្នុងនោះនៅព្រឹក មិញនេះ ខ្ញុំអាចបង្ហើបបន្តិចថា ឯកឧត្តម ផាម មិញជិញ ដែលជានាយករដ្ឋមន្រ្តីវៀតណាម ក៏បានលើកឡើងចំពោះសម្តេចតេជោថា វៀតណាមនឹងខិតខំប្រឹងប្រែង ធ្វើការងារនេះជាមួយនឹង ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីឃ្លាំមើល ដើម្បីធានាថាបទឈប់បាញ់រវាងកម្ពុជា បានអនុវត្តមានប្រសិទ្ធភាព ហើយអាចឈានទៅទម្លាយនូវភាពទាល់ច្រក ភាពតានតឹងជាមួយគ្នា និងវិលមកប្រក្រតីភាពឡើងវិញ រវាងប្រទេសទាំងពីរ»។
ឯកឧត្ដម ជា ធីរិទ្ធ បន្ថែមថា វៀតណាមក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងអាស៊ានផងដែរ ក្នុងការតាមដាន និងជំរុញការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយវៀតណាម ចង់ឃើញអាស៊ាន មានសាមគ្គីភាពជាមួយគ្នា នៅពេលដែលប្រទេសដែលជាសមាជិកអាស៊ានឈ្លោះគ្នា នោះនឹងធ្វើឱ្យអាស៊ាន បាត់បង់ឥទ្ធិពល៕

