លោកស៊ីជិនពីងនិងលោកពូទីនរួមគ្នាប្រកាសចក្ខុវិស័យសម្រាប់ «សណ្តាប់ធ្នាប់ពិភពលោកថ្មី» ប្រជែងនឹងសណ្តាប់ធ្នាប់បច្ចុប្បន្នដែលដឹកនាំដោយអាមេរិក
ធានជីន៖ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរួមគ្នាជំរុញចក្ខុវិស័យរបស់ពួកគេសម្រាប់សណ្តាប់ធ្នាប់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោកថ្មីមួយ ដែលផ្តល់អាទិភាពដល់ «បណ្តាប្រទេសកំពុងអភិវឌ្ឍ» (Global South) ដែលនេះគឺជាការប្រកួតប្រជែងដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) លោក ស៊ី ជិនពីង បានបញ្ជាក់ថា អង្គការ SCO ត្រូវតែ «ជំរុញប្រជាធិបតេយ្យនីយកម្មនៃទំនាក់ទំនងអន្តរជាតិ និងបង្កើនតំណាងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ»។ លោកបានបន្ថែមថា «យើងត្រូវតែបន្តឈរលើជំហរយ៉ាងច្បាស់លាស់ ប្រឆាំងនឹងអនុត្តរភាពនិយម និងនយោបាយអំណាច ហើយត្រូវអនុវត្តពហុភាគីនិយមពិតប្រាកដ» ដែលនេះគឺជាការវាយប្រហារដោយប្រយោល ទៅលើសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ស្របគ្នានេះដែរ លោក ពូទីន ដែលប្រទេសរបស់លោកបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន បានថ្លែងថា អង្គការ SCO បានស្តារ «ពហុភាគីនិយមពិតប្រាកដ» ឡើងវិញ ជាមួយនឹងការប្រើប្រាស់រូបិយប័ណ្ណជាតិកាន់តែច្រើនក្នុងការទូទាត់ទៅវិញទៅមក។ លោកបានបញ្ជាក់ថា ប្រព័ន្ធសន្តិសុខថ្មីនេះ «នឹងពិចារណាដោយស្មោះត្រង់លើផលប្រយោជន៍របស់ប្រទេសជាច្រើន មានតុល្យភាពពិតប្រាកដ និងមិនអនុញ្ញាតឲ្យប្រទេសណាមួយធានាសន្តិសុខផ្ទាល់ខ្លួន ដោយចំណាយលើសន្តិសុខរបស់អ្នកដទៃឡើយ»។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល SCO នេះ បានប្រមូលផ្តុំមេដឹកនាំជាង ២០រូប ពីបណ្តាប្រទេសដែលមិនមែនជាសម្ព័ន្ធមិត្តលោកខាងលិច។ ចក្ខុវិស័យសម្រាប់សណ្តាប់ធ្នាប់ពិភពលោកថ្មីនេះ ត្រូវបានជំរុញឡើងចំពេលមានភាពចលាចលដែលបង្កឡើងដោយគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ៕

