ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Anutin បញ្ចេញសមាសភាពគណបក្សដែលគាំទ្ររូបលោកធ្វើជានាយករដ្ឋមន្រ្តី

149

បាងកកនាថ្ងៃពុធ ទី៣ ខែកញ្ញា មេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul បានប្រកាសជាផ្លូវការអំពី សមាសភាពនៃគណបក្សនានា ដែលចូលរួមគាំទ្រគណបក្សរបស់លោក ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ នេះបើតាមការផ្សាយដោយ សារព័ត៌មានថៃ Khaosod។

សមាជិករដ្ឋសភាសរុបចំនួន១៤៦នាក់ ដែលបានចុះហត្ថលេខាគាំទ្រលោក Anutin ជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសថៃ រួមមាន៖ ៦៨នាក់មកពីបក្សភូមិចៃថៃផ្ទាល់, ៣១នាក់មកពីបក្ស Kla Tham, ១៧នាក់មកពីបក្ស Palang Pracharath, ១៦នាក់មកពីបក្ស United Thai Nation, ៨នាក់មកពីបក្សភឿថៃ, ៣នាក់មកពីបក្ស Thai Sang Thai និង៣នាក់ទៀតមកពីបក្ស Democrat។

បើតាមលោក Anutin បូករួមជាមួយសំឡេងគាំទ្រពីគណបក្សប្រជាជនថៃ ដែលជាបក្សធំជាងគេបង្អស់នៅសភា រូបលោកមានការគាំទ្រគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មី ហើយបង្កើតរដ្ឋាភិបាលសំឡេងភាគតិច។ ដើម្បីជាប់ជានាយករដ្ឋមន្រ្តី បេក្ខជនត្រូវការសំឡេងគាំទ្រយ៉ាងហោចលើសពាក់កណ្តាល នៃអាសនៈសរុបចំនួន៤៩២ នៅក្នុងរដ្ឋសភា ឬស្មើនឹង២៤៧សំឡេង។ 

គួរបញ្ជាក់ថា គណបក្សប្រជាជនថៃ ដែលគ្រប់គ្រងអាសនៈសរុបដល់ទៅ១៤៣ បានកំណត់លក្ខខណ្ឌមួយចំនួន សម្រាប់ការគាំទ្រលោក Anutin ជានាយករដ្ឋមន្រ្តី ក្នុងនោះរួមមានទាំងរំលាយសភាក្នុងរយៈពេល៤ខែ ដើម្បីរៀបចំការបោះឆ្នោតសកលថ្មី។ លោក Anutin បានអះអាងថា រូបលោកយល់ព្រមទទួលយកលក្ខខណ្ឌ របស់បក្សប្រជាជន។ បក្សប្រជាជនថៃនឹងគាំទ្រលោក Anutin ក្នុងការបោះឆ្នោតរើសនាយករដ្ឋមន្រ្តីនៅសភា ប៉ុន្តែមិនចូលរួមក្នុងចង្កោមរដ្ឋាភិបាលរបស់លោក នោះទេ៕

អត្ថបទដែលជាប់ទាក់ទង