ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកពូទីនអង្គុយពិភាក្សាជាមួយលោកគីមនិងអរគុណសម្រាប់ការបញ្ជូនកងទ័ពកូរ៉េខាងជើងជួយរុស្ស៉ីប្រឆាំងអ៊ុយក្រែន

117

ក្រុងប៉េកាំង៖ នាថ្ងៃពុធ ទី៣ ខែកញ្ញា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានជួបពិភាក្សាគ្នាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅរដ្ឋធានីប៉េកាំង ជាទីដែលអ្នកទាំងពីរចូលរួមពិធីព្យុហយាត្រាយោធាដ៏ធំសម្បើម អបអរខួប៨០ឆ្នាំនៃទិវាជ័យជម្នះរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អំឡុងជំនួបខាងលើ លោក ពូទីន បានថ្លែងប្រាប់លោក គីម យ៉ាងដូច្នេះថា «ក្រោមការផ្តួចផ្តើមរបស់អ្នកកងកម្លាំងពិសេសរបស់អ្នក បានចូលរួមក្នុងកិច្ចប្រឹងប្រែងរំដោះតំបន់ Kursk កងទ័ពរបស់អ្នកបានប្រយុទ្ធយ៉ាងអង់អាចក្លាហានជាទីបំផុត។ ខ្ញុំចង់ធ្វើការកត់សម្គាល់ថា ពួកយើងនឹងគ្មានថ្ងៃបំភ្លេចការពលីនៃកងកម្លាំងប្រដាប់អាវុធរបស់អ្នកជាដាច់ខាត។ ដូច្នេះហើយ តាំងនាមឱ្យប្រជាជនរុស្ស៉ី ខ្ញុំសូមថ្លែងអំណរគុណដល់ការចូលរួមរបស់ប្រទេសអ្នក ក្នុងការប្រយុទ្ធតស៊ូរួមគ្នានេះ។ ខ្ញុំសូមឱ្យអ្នកជួយផ្ញើការដឹងគុណដ៏កក់ក្តៅរបស់ខ្ញុំ ទៅកាន់ប្រជាជនទាំងអស់នៃប្រទេសកូរ៉េខាងជើង»

គួរបញ្ជាក់ថា យោងតាមចារកម្មកូរ៉េខាងត្បូងនិងលោកខាងលិច កាលពីឆ្នាំ២០២៤ កូរ៉េខាងជើងបានបញ្ជូនកងទ័ពជាង១០ ០០០នាក់ ទៅប្រទេសរុស្ស៉ី ដែលជាចម្បងគឺទៅកាន់តំបន់ Kursk។ ក្នុងឆ្នាំនេះ រុស្ស៉ីបានអះអាងថា តំបន់ Kursk ត្រូវវាយយកបានពីអ៊ុយក្រែនមកវិញ។ ចារកម្មកូរ៉េខាងត្បូង បានវាយតម្លៃថា ទាហានកូរ៉េខាងជើងប្រហែល២០០០នាក់ បានស្លាប់ ក្នុងការជួយរុស្ស៉ីប្រយុទ្ធជាមួយអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង