ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Anutin និងដំណើរផ្លូវឆ្ពោះទៅរកតំណែងជានាយករដ្ឋមន្ត្រីថៃ

152

ក្រុងបាងកក៖មានជំនាញលេងឧបករណ៍តន្ត្រីសាក់សូហ្វូន ជាពីឡុត និងជាអ្នកស្នងមរតកក្រុមហ៊ុនសំណង់ដ៏ធំមួយក្នុងប្រទេសថៃ លោក Anutin Charnvirakul ធ្លាប់ត្រូវបានតុលាការធម្មនុញ្ញថៃហាមធ្វើនយោបាយ ប៉ុន្តែឥលូវ រូបលោកបានក្លាយជាបេក្ខជនឈានមុខគេម្នាក់សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។ មានអាយុ ៥៨ឆ្នាំ អតីតរដ្ឋមន្ត្រីរូបនេះទទួលបានការគាំទ្រនៅថ្ងៃពុធ ទី៣ ខែកញ្ញា ពីគណបក្សប្រជាជនថៃដែលជា បក្សប្រឆាំងធំជាងគេបំផុតនៅក្នុងរដ្ឋសភាថៃ។ 

តាមរយៈការគាំទ្រពីគណបក្សប្រជាជនថៃ (People’s Party) វាអាចនឹងផ្ដល់សំឡេងគ្រប់គ្រាន់ដើម្បីលោក Anutin ក្លាយជានាយករដ្ឋមន្ត្រីជំនួសលោកស្រី Paetongtarn Shinawatra ដែលត្រូវបាន តុលាការធម្មនុញ្ញថៃដកតំណែងកាលពីសប្ដាហ៍មុន។ តែព្រមពេលជាមួយគ្នា គណបក្សភឿថៃរបស់លោកស្រី Paetongtarn បានប្រកាសចាប់ផ្ដើមនីតិវិធីរំលាយរដ្ឋសភា សំដៅបើកផ្លូវការរៀបចំការបោះឆ្នោតមុនអាណត្តិ ជាមួយការដាក់សំណើជាផ្លូវការទៅកាន់ព្រះបរមរាជវាំងដើម្បីសុំការអនុញ្ញាតពីព្រះមហាក្សត្រ ដែលនេះបានធ្វើដំណើរដំណើរផ្លូវឆ្ពោះទៅរកតំណែងជានាយករដ្ឋមន្ត្រីរបស់លោក Anutin ហាក់មានភាពស្រពេចស្រពិល បន្តិច។ ដូចគ្នាទៅនឹងលោកស្រី Paetongtarn ដែលជាអ្នកជំនាន់ក្រោយរបស់អ្នកនយោបាយ និងមកពីគ្រួសារអ្នកជំនួញក្នុងប្រទេសថៃ លោក Anutin ផ្ទាល់ក៏មានប្រភពចេញពីគ្រួសារអ្នកនយោបាយ និងគ្រួសាអ្នកជំនួញដ៏ល្បីមួយរបស់ថៃផងដែរ។ ឪពុករបស់លោក Anutin គឺលោក Chavarat Charnvirakul ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទីអំឡុងវិបត្តិនយោបាយកាលពីឆ្នាំ២០០៨ និងកាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃ រយៈពេល៣ឆ្នាំ។ 

ទ្រព្យសម្បត្តិរបស់គ្រួសារលោក Anutin ផ្តោតសំខាន់លើក្រុមហ៊ុន Sino-Thai Engineering ជាក្រុមហ៊ុនសំណង់មួយដែលទទួលបានគម្រោងធំៗពីរដ្ឋាភិបាលថៃក្នុងពេលជាច្រើនទស្សវត្សរ៍មកនេះក្នុងនោះរួមមាន ការសាងសង់អាកាសយានដ្ឋានក្នុងទីក្រុងបាងកក និងអគាររដ្ឋសភា។ លោក Anutin ដែលទទួលបានការបណ្ដុះបណ្ដាលផ្នែកឧស្សហកម្មវិស្វកម្មក្នុងទីក្រុងញូវយ៉កផងនោះ បានឈានជើងចូលនយោបាយនៅពេលមាន អាយុខ្ទង់៣០ឆ្នាំ ក្នុងនាមជាទីប្រឹក្សាក្រសួងការបរទេស និងបន្ទាប់មកបានក្លាយជារដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រី។ ដោយមានរហ័ស្សនាមថា Noo ឬមានន័យជាភាសាថៃថា «សត្វកណ្ដុរ» លោក Anutin ចូលចិត្តបង្ហាញថារូបលោកជាមនុស្សចេះដាក់ខ្លួន និងចូលចិត្តហូបអាហារតាមផ្លូវទោះបីជាលោកមានទ្រព្យសម្បត្តិវ៉ល់លានក៏ដោយ។ 

អ្នកនយោបាយមានចិត្តរេដូចចុងស្រល់

តាមពិតទៅ លោក Anutin ក៏ធ្លាប់មានមុខតំណែងផងដែរនៅក្នុងគណបក្ស Thai Rak Thai និងត្រូវបានតុលាការធម្មនុញ្ញហាមធ្វើនយោបាយរយៈពេល៥ឆ្នាំ នៅពេលដែលគណបក្សរបស់លោក Thaksin មួយនេះ ត្រូវបានរំលាយចោលកាលពីឆ្នាំ២០០៦។ ក្រោយត្រូវបានហាមមិនឱ្យធ្វើនយោបាយ លោក Anutin បានចំណាយពេលវេលាទំនេររបស់លោកទៅរៀនបើកយន្ដហោះ។ លោកបានត្រឡប់ចូលឆាកនយោបាយវិញ ដោយក្លាយជាមេដឹកនាំគណបក្សភូមិចៃថៃដែលទទួលបានចំណាត់ថ្នាក់ទី៣ ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣ ដែលជាកំណត់ត្រាល្អបំផុតមួយរបស់បក្ស។ តែមានរឿងមួយដែលគេមិនសូវចាប់អារម្មណ៍ នោះគឺ លោក Anutin ជាអ្នកនយោបាយម្នាក់មានចិត្តរេដូចចុងស្រល់ ដោយរូបលោកធ្លាប់កាន់តំណែងក្នុងរដ្ឋាភិបាលចម្រុះជាច្រើនរបស់ថៃ ក្នុងនោះធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ចំនួន៣រូប។ លោក Anutin ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាកូវីដ១៩ ក្នុងពេលកាន់តំណែងជារដ្ឋមន្ត្រីសុខាភិបាលនៅក្រោមរដ្ឋាភិបាលដឹកនាំដោយយោធា។ 

លោក Anutin បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បីចោទប្រកាន់លោកខាងលិចថាជាអ្នកចម្លងជំងឺកូវិដ១៩ ហើយរូបលោកបានបដិសេធពាក់ម៉ាស។ តែក្រោយមករូបលោកត្រូវបង្ខំចិត្តកែប្រែជំហរ និងសូមទោស។ គណបក្សភូមិចៃថៃបានចូលរួមក្នុងក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃកាលពីឆ្នាំ២០២៣ ដោយបដិសេធចូលរួមជាមួយអតីតគណបក្ស Move Forward ដែលសព្វថៃ្ងបានប្ដូរឈ្មោះមកជាគណបក្សប្រជាជនថៃ ដែលបានបង្ហាញការគាំទ្រដល់រូបលោកនៅថ្ងៃពុធ ទី៣ ខែកញ្ញា។ 

គួរបញ្ជាក់ថា ភូមិចៃថៃជាគណបក្សមួយមាននិន្នាការអភិរក្សនិយម និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រថៃ។ កាលពីខែមិថុនា លោក Anutin បានដកគណបក្សភូមិចៃថៃ ចេញពីក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកស្រី Paetongtarn និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជុំវិញបញ្ហាជម្លោះព្រំដែន។ ឥលូវ គឺដល់វេនគណបក្សភឿថៃវិញម្ដង ដែលកំពុងព្យាយាមរារាំងកុំឱ្យលោក Anutin ក្លាយជានាយករដ្ឋមន្ត្រីថៃ៕

អត្ថបទដែលជាប់ទាក់ទង