ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកពូទីនប្រាប់អ៊ុយក្រែន៖បញ្ចប់សង្រ្គាមតាមផ្លូវចរចាឬចង់ឱ្យខ្ញុំបញ្ចប់វាដោយកម្លាំងយោធា

129

ក្រុងម៉ូស្គូប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា បានប្រាប់អ៊ុយក្រែនថានៅតែមានឱកាសដើម្បីបញ្ចប់សង្រ្គាមតាមរយៈកិច្ចចរចាជាជម្រើសមួយ ដែលលោកពេញចិត្តដែរ ប៉ុន្តែថាលោកបានត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមដោយកម្លាំងយោធា ប្រសិនបើវាជាមធ្យោបាយតែមួយគត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

ថ្លែងចេញពីទីក្រុងប៉េកាំង នាឱកាសបិទបញ្ចប់ដំណើរទស្សនកិច្ចមួយដែលសម្រេចបាននូវកិច្ចព្រមព្រៀងស្ដីពីបំពង់ឧស្ម័នមួយជាមួយចិន លោក ពូទីនបាននិយាយថាលោកផ្ទាល់មើលឃើញ ឱកាសបិទបញ្ចប់សង្រ្គាមនៅតែមាន នោះក៏ដោយសារតែអ្វីដែលលោកនិយាយថាជាកិច្ចប្រឹងប្រែងដ៏ស្មោះត្រង់របស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដើម្បីស្វែងរក ដំណោះស្រាយបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនជាសង្រ្គាមធំជាងគេបំផុតក្នុងតំបន់អឺរ៉ុបគិតចាប់តាំងពីសង្រ្គាមលោកលើកទី២បិទបញ្ចប់មក។ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា៖ «វាមើលទៅ សម្រាប់ខ្ញុំ ប្រសិនបើអាចទទួលយកបាន នោះអាចទៅរួចក្នុងការព្រមព្រៀងលើដំណោះស្រាយមួយដែលអាចទទួលយកបានដើម្បីបញ្ចប់ជម្លោះនេះហើយនេះជាសន្និដ្ឋានរបស់ខ្ញុំ។ ជាពិសេស យើងបានឃើញភាពស្មោះត្រង់ពីរដ្ឋបាលអាមេរិកសព្វថ្ងៃរបស់លោកប្រធានាធិបតី (ដូណាល់ត្រាំ»។  

តែទោះជាបែបនេះក្ដី លោក ពូទីន បានបញ្ជាក់ឡើងវិញថាលោកគ្មានឆន្ទៈបន្ធូរបន្ថយ ឬបោះបង់ចោលការទាមទារកន្លងមករបស់លោកជុំវិញលក្ខខណ្ឌដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន តួយ៉ាងដូចជាតំបន់ភាគខាងកើតអ៊ុយក្រែន និងការតម្រូវឱ្យអ៊ុយក្រែនបោះបង់ចោលគំនិតចង់ក្លាយជាសមាជិក NATO។

-ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃពុធថា លោកត្រៀមខ្លួនរួចរាល់ហើយក្នុងការជួបពិភាក្សាជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រសិនបើប្រធានាធិបតីអ៊ុយក្រែនរូបនេះ យល់ព្រមមកកាន់ទីក្រុងមូស្គូ។ ទោះជាយ៉ាងណា លោកបានចោទជាសំណួរថា តើជំនួបបែបនេះពិតជាមានប្រយោជន៍ឬយ៉ាងណា។ នេះបើយោងតាមការរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងប្រទេសចិន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក លោក ពូទីន បានបញ្ជាក់ថា «សម្រាប់ការជួបជាមួយលោក ហ្សេលេនស្គី ខ្ញុំមិនដែលបដិសេធលទ្ធភាពនៃជំនួបបែបនេះទេ។ ប៉ុន្តែតើវាមានប្រយោជន៍អ្វីទេចាំមើលសិន»។ លោកបានរំឭកពីជំហរដដែលរបស់វិមានក្រឹមឡាំងថា ជំនួបបែបនេះត្រូវតែត្រូវបានរៀបចំយ៉ាងល្អជាមុន និងត្រូវតែនាំមកនូវលទ្ធផលជាក់ស្តែង។

មេដឹកនាំរុស្ស៊ីរូបនេះ បានដាក់ចេញលក្ខខណ្ឌមួយចំនួន ដោយបានបញ្ជាក់ថា អ៊ុយក្រែនត្រូវតែលុបចោលច្បាប់អាជ្ញាសឹក រៀបចំការបោះឆ្នោត និងធ្វើប្រជាមតិអំពីបញ្ហាទឹកដី ប្រសិនបើចង់ឲ្យមានវឌ្ឍនភាពណាមួយកើតឡើង។

គួរបញ្ជាក់ថា ការថ្លែងរបស់លោក ពូទីន ធ្វើឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមធ្វើជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពមួយ ហើយលោក ហ្សេលេនស្គី ផ្ទាល់ក៏បានជំរុញឲ្យមានជំនួបនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង