ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភាថៃបោះឆ្នោតជ្រើសតាំងលោក Anutin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

194

ក្រុងបាងកក៖រដ្ឋសភាថៃ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា បានបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ ជំនួសលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងកាលពីសប្ដាហ៍មុន។

តាមរយៈលទ្ធផលបោះឆ្នោតនៅរដ្ឋសភាថៃ នៅថ្ងៃសុក្រនេះ លោក Anutin ទទួលបានសំឡេងគាំទ្រលើសពី ២៤៧ ដែលជាសំឡេងភាគច្រើនដើម្បីជាប់ជានាយករដ្ឋមន្ត្រី ពោលគឺលោកទទួលបានសំឡេងគាំទ្រ ៣១១ ខណៈគូប្រជែងរបស់លោកមកពីគណបក្សភឿថៃ គឺលោក Chaikasem Nitisiri ទទួលបានសំឡេង គាំទ្រ ១៥២សំឡេងក្នុងចំណោមសមាជិករដ្ឋសភាសរុប ៤៨៩រូបដែលមានវត្តមានក្នុងការបោះឆ្នោត។ ចំណែកសមាជិករដ្ឋសភា ២៧នាក់ បានអនុបវាទ។  

ជ័យជម្នះរបស់លោក Anutin កើតមានឡើងបន្ទាប់ពីទទួលការគាំទ្រពីបក្សប្រជាជនថៃ។ តែដើម្បីអាចទទួលបានការគាំទ្ររបស់លោក គណបក្សប្រជាជនថៃ បានដាក់លក្ខខណ្ឌ៥ចំណុច ឱ្យបក្សភូមិចៃថៃ ទទួលយក បើចង់បានការគាំទ្រពីខ្លួនក្នុងការបោះឆ្នោត។ លក្ខខណ្ឌទាំង៥នោះ រួមមាន៖

ទី១ រំលាយសភាក្នុងរយៈពេល៤ខែ ក្រោយបង្កើតរដ្ឋាភិបាលថ្មី។

ទី២ ប្រសិនបើតុលាការធម្មនុញ្ញសម្រេចថា ចាំបាច់ត្រូវមានការធ្វើប្រជាមតិ មុនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ គណៈរដ្ឋមន្រ្តីរបស់លោក Anutin នឹងត្រូវរៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីព្រាងរដ្ឋធម្មនុញ្ញថ្មី។

ទី៣ ប្រសិនបើតុលាការធម្មនុញ្ញសម្រេចថា ពុំចាំបាច់មាន ការធ្វើប្រជាមតិទេនោះ សេចក្តីព្រាងនៃវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវរៀបចំឡើងឱ្យឆាប់ៗ ដើម្បីចាប់ផ្តើមនិតីវិធីព្រាងរដ្ឋធម្មនុញ្ញថ្មី។

ទី៤ បក្សភូមិចៃថៃ មិនត្រូវធ្វើសកម្មភាពដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនឡើយ។

ទី៥ បក្សប្រជាជនថៃ នឹងនៅបន្តធ្វើជាបក្សប្រឆាំង ដើម្បីពិនិត្យតាមដានសកម្មភាពរដ្ឋាភិបាលថ្មី ដោយពុំមានសមាជិកណាមួយ ទទួលបានតំណែងជារដ្ឋមន្រ្តីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង