សម្ដេចបវរធិបតីហ៊ុនម៉ាណែតកោតសរសើរសំណេរលើគណនី Facebook «មេទ័ពលីពូ» បកស្រាយចំពោះចម្ងល់របស់ពលរដ្ឋលើក្រសួងការពារជាតិនិងស្បៀងកងទ័ព
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ និងការកោតសរសើរសំណេរលើគណនី Facebook មួយឈ្មោះ «មេទ័ពលីពូ» ដែលបានបកស្រាយចំពោះចម្ងល់ របស់ប្រជាពលរដ្ឋ លើក្រសួងការពារជាតិ និងស្បៀងកងទ័ព។
តាមរយៈ Facebook ផ្ទាល់ខ្លួននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកខ្លឹមសារសំណេរមួយនេះ មានហេតុមានផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ ផ្ទាល់ខ្លួននៅជួរមុខ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ជាទូទៅមិនមានសំណេរច្រើនទេ ដែលខ្ញុំជក់ចិត្តអានពីដើមរហូតចប់។ ក្នុងមួយរយៈនេះ មានសំណេរនៅលើហ្វេសប៊ុកផេកមួយឈ្មោះ «មេទ័ព លីពូ» ដែលខ្ញុំបានតាមដាន ព្រោះអត្ថបទជាច្រើន ដែលបានសរសេរ គឺមានហេតុផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ផ្ទាល់ខ្លួននៅជួរមុខ។
សំណេរមិនផ្អែកជ្រុល តាមអារម្មណ៍ផ្ទាល់ខ្លួន ឬទិដ្ឋភាពមួយជ្រុងណានោះទេ ហើយសំណេរភាគច្រើន ក៏មិនសរសេរដើម្បីលើកសរសើរអ្នកនេះ ឬវាយប្រហារអ្នកនោះទេ។ អ្វីដែលខ្ញុំចូលចិត្តអានសំណេរនៅលើផេកនេះ គឺអ្នកសរសេរ ធ្វើការបកស្រាយសាមញ្ញៗ (សាបៗ) ខ្លីៗ ងាយយល់ ប៉ុន្តែមុតស្រួច។
ថ្ងៃនេះសូមយកសំណេរ ដែលបានដាក់ចេញថ្ងៃនេះ ដើម្បីចែករំលែកបងប្អូនអានកំសាន្តថ្ងៃសៅរ៍។ (ខ្ញុំសុំសិទ្ធិម្ចាស់សំណេរ ដើម្បីយកអត្ថបទនេះមកបង្ហោះ)»៕

