ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហាននេប៉ាល់ចេញល្បាតនៅតំបន់រដ្ឋសភាជាតិក្រោយផ្ទុះការតវ៉ាដ៏ហិង្សា

92

កដ្ឋមណ្ឌូ៖ទាហានប្រដាប់អាវុធនេប៉ាល់ កំពុងយាមកាមនៅសភាជាតិ ខណៈតាមដងផ្លូវមានសភាពស្ងប់ស្ងាត់ ដោយសារបម្រាមគោចរមិនកំណត់ពេល ក្នុងរដ្ឋធានី Kathmandu ត្រូវបានដាក់ចេញ ក្រោយការតវ៉ាប្រឆាំងអំពើពុករលួយ ប្រែក្លាយជាអំពើហិង្សារយៈពេលពីរថ្ងៃ និងដែលបានជំរុញឱ្យនាយករដ្ឋមន្ត្រីលោក K.P. Sharma Oli លាលែងពីតំណែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ ២០២៥។

រថពាសដែក ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ ដែលគ្មានមនុស្សដើរ ខណៈដែលហាង និងផ្សារត្រូវបិទទ្វារ។ អ្នកនាំពាក្យកងទ័ព លោក Raja Ram Basnet បញ្ជាក់ថា «យើងកំពុងព្យាយាមធ្វើឱ្យស្ថានការណ៍ ត្រឡប់ទៅមានលក្ខណៈធម្មតាជាមុនសិន។ យើងប្តេជ្ញាការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន»។

គួរបញ្ជាក់ថា ភាពចលាចលដ៏អាក្រក់បំផុតមិនធ្លាប់មានច្រើនទសវត្សរ៍នៅនេប៉ាល់ បានកើតឡើង ដោយសារតែការបិទប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីសប្តាហ៍មុន ប៉ុន្តែក្រោយមកបានបើកឡើងវិញ បន្ទាប់ពីមានមនុស្ស ១៩នាក់ស្លាប់ កាលពីថ្ងៃចន្ទ ខណៈដែលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីគ្រប់គ្រងហ្វូងមនុស្ស។ សំណល់រថយន្តឆេះ និងគំនរដែកនៅរាយប៉ាយពេញតំបន់ជុំវិញសភា ជាទីដែលក្រុមពន្លត់អគ្គីភ័យរបស់កងទ័ព ព្យាយមពន្លត់ភ្លើងឆេះដែលដុត ដោយក្រុមអ្នកតវ៉ាកាលពីថ្ងៃអង្គារ៕

អត្ថបទដែលជាប់ទាក់ទង