បាតុកម្មនៅនេប៉ាល់មានអ្នកស្លាប់កើនដល់៣០នាក់និងរបួស១០៣៣នាក់ខណៈក្រុមបាតុករនិងយោធាបន្តចរចាគ្នាថាតើអ្នកណាក្លាយជាមេដឹកនាំប្រទេសថ្មី
កដ្ឋមណ្ឌូក្រុមបាតុករនៅប្រទេសនេប៉ាល់ នឹងបន្តពិភាក្សាជាមួយកងទ័ព ដើម្បីសម្រេចថា តើនរណានឹងក្លាយជា មេដឹកនាំបណ្តោះអាសន្នរបស់ប្រទេស បន្ទាប់ពីការផ្ទុះបាតុកម្មដ៏សាហាវ ដែលបានសម្លាប់មនុស្សយ៉ាងហោច៣០នាក់ ហើយបង្ខំឱ្យ នាយករដ្ឋមន្រ្តីចុះចេញពីអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥។
នាពេលនេះ កងទ័ពនេប៉ាល់ កំពុងបន្តល្បាតតាមដងផ្លូវនៃរដ្ឋធានីកដ្ឋមណ្ឌូ ក្រោយការផ្ទុះបាតុកម្មដ៏អាក្រក់បំផុតមួយ ដែលបង្កឡើង ដោយការសម្រេចចិត្តបិទបណ្តាញទំនាក់ទំនងសង្គម កាលពីចុងសប្តាហ៍មុន ដោយរដ្ឋាភិបាលនេប៉ាល់។ ក្រោយមក រដ្ឋាភិបាលក៏បានយល់ព្រមលុបបម្រាមនោះចោលវិញ ក្រោយមនុស្ស១៩នាក់បានស្លាប់ ក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅពេលប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ បាញ់បង្រ្កាបហ្វូងបាតុករ។
បើតាមក្រសួងសុខាភិបាលនេប៉ាល់ តួលេខចុងក្រោយនៃអ្នកស្លាប់ក្នុងបាតុកម្មនោះ បានកើនដល់៣០នាក់ និងរបួស១០៣៣នាក់។ អំឡុងបាតុកម្ម ក្រុមអ្នកតវ៉ាដែលសុទ្ធតែជាយុវជន បាននាំគ្នាដុតបំផ្លាញអគាររដ្ឋាភិបាល និងទ្រព្យសម្បត្តិផ្សេងៗ។ សកម្មភាពតវ៉ា បានថយចុះកម្តៅទៅវិញ បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក KP Sharma Oli លាលែងពីតំណែង ក្នុងសប្តាហ៍នេះ។
– មេដឹកនាំនយោបាយត្រូវបាតុករវាយធ្វើបាប ផ្ទះរបស់ពួកគេត្រូវបានដុតបំផ្លាញ
រូបភាពពីវីដេអូលើបណ្តាញសង្គម បង្ហាញឱ្យឃើញក្រុមបាតុករ វាយដំលើមេដឹកនាំគណបក្ស Nepali Congress លោក Sher Bahadur Deuba និងភរិយារបស់លោក គឺលោកស្រី Arzu Rana Deuba ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីការបរទេសនេប៉ាល់។ អ្នកទាំងពីររងបួសចេញឈាម ខណៈដែលវីដេអូមួយទៀត បង្ហាញឱ្យឃើញថា លោក Sher Bahadur Deuba ត្រូវបានគេជួយសង្រ្គោះទៅកាន់ កន្លែងសុវត្ថិភាព។ Nepali Congress ជាគណបក្សនយោបាយធំជាងគេ នៅក្នុងប្រទេសនេប៉ាល់ ហើយជាផ្នែកនៃរដ្ឋាភិបាលចម្រុះ។ ចំណែក រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនេប៉ាល់ លោក Bishnu Prasad Paudel វ័យ៦៥ឆ្នាំវិញ ត្រូវបានក្រុមបាតុករដេញតាមវាយប្រហារនៅតាមដងផ្លូវ និងធ្លាក់ចូលទឹកស្ទឹងយ៉ាងអាណាធិបតេយ្យ ខណៈភរិយារបស់អតីតនាយករដ្ឋមន្រ្តីនេប៉ាល់ លោកស្រី Rajyalaxmi Chitrakar ត្រូវបានស្លាប់ដោយសារការភ្លើងឆាបឆេះ ក្រោយផ្ទះត្រូវបានដុតដោយក្រុមបាតុករ។
ក្រុមបាតុករ ក៏បានដុតអគារនៅឯរដ្ឋសភា វិមានប្រធានាធិបតី ការិយាល័យនាយករដ្ឋមន្ត្រី ក្រសួងសំខាន់ៗ និងលំនៅដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី។ ផ្សែងចេញពីការឆាបឆេះ នៅមិនទាន់រសាយនោះទេ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ។
អគារធ្វើការរបស់ Kantipur ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតរបស់ប្រទេសនេប៉ាល់ ក៏ត្រូវបានដុតបំផ្លាញ និងខូចខាតផងដែរ។ បន្ទប់ តាំង បង្ហាញ រថយន្ត ក៏ ត្រូវ បាន ដុត បំផ្លាញ ហើយមាន រថយន្ត ឆេះ ខ្ទេច ខ្ទីនៅពាស ពេញ ផ្លូវ៕

