ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិមានក្រឹមឡាំងថាកិច្ចចរចាសន្តិភាពរុស្ស៉ី-អ៊ុយក្រែនជាប់គាំងដោយសារតែក្រុមប្រទេសអឺរ៉ុប

153

ក្រុងមូស្គូ៖កាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញា វិមានក្រឹមឡាំងបាននិយាយថា កិច្ចប្រឹងប្រែងចរចារកសន្តិភាពរវាងរុស្ស៉ីនិងអ៊ុយក្រែន កំពុងនៅជាប់មួយកន្លែង ហើយបានចោទប្រកាន់ថា ក្រុមប្រទេសអឺរ៉ុបគឺជាអ្នកបង្កឧបសគ្គ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រុមអ្នកចរចារុស្ស៉ីនិងអ៊ុយក្រែន ក្នុងឆ្នាំនេះបានជួបពិភាក្សាគ្នាដោយផ្ទាល់ចំនួន៣លើក នៅឯទីក្រុងអ៉ីស្តង់ប៊ូលនៃប្រទេសតួកគីយ៉េ ខណៈលើកចុងក្រោយបំផុត គឺកាលពីថ្ងៃទី២៣ ខែកក្កដា ហើយជំនួបចរចាទាំងនោះ បានឈានដល់ការព្រមព្រៀងគ្នាមួយចំនួន ស្តីពីការប្រគល់អ្នកទោសសង្រ្គាមនិងសាកសព។ ក៏ប៉ុន្តែភាគីទាំងពីរ ហាក់នៅតែបន្តឃ្លាតឆ្ងាយពីគ្នាខ្លាំងដដែល ជុំវិញលទ្ធភាព ឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបិទបញ្ចប់សង្រ្គាម។

នាពេលថ្មីៗនេះ ទីក្រុងមូស្គូ បានបង្ហាញការជំទាស់ចំៗប្រឆាំងនឹងសំណើ របស់ក្រុមប្រទេសអឺរ៉ុប ក្នុងការផ្តល់ការធានាសន្តិសុខដល់ អ៊ុយក្រែន ដែលអាចនឹងរួមមាន ការដាក់ពង្រាយកងកម្លាំងរបស់អង្គការ NATO នៅក្នុងទឹកដីអ៊ុយក្រែនផ្ទាល់ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាព ដោយរុស្ស៉ីបានអះអាងយ៉ាងម៉ឺងម៉ាត់ថា ខ្លួនមិនអាចទទួលយកចំណាត់ការនេះដាច់ខាត។ 

កាលពីថ្ងៃសុក្រ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានទម្លាក់កំហុសថា ការជាប់នៅមួយកន្លែងនាពេលនេះ ក្នុងកិច្ចប្រឹងប្រែងចរចារកសន្តិភាព គឺដោយសារតែគំនិតដូចខាងលើរបស់ពួកអឺរ៉ុប។ លោក Peskov បានអះអាងថា ភាគីរុស្ស៉ីនៅបន្តត្រៀមខ្លួនជានិច្ច ដើម្បីស្វែងរកផ្លូវឆ្ពោះទៅសន្តិភាពដោយកិច្ចសន្ទនា ប៉ុន្តែក្រុមប្រទេសអឺរ៉ុប កំពុងបង្កឧបសគ្គ ហើយវាមិនមែន ជារឿងអាថ៌កំបាំងអ្វីឡើយ៕

អត្ថបទដែលជាប់ទាក់ទង