ផ្ទុះបាតុកម្មយ៉ាងហិង្សាអតីតប្រធានតុលាការកំពូលនេប៉ាល់លោកស្រី Sushila Karki ក្លាយជានាយករដ្ឋមន្រ្តីស្រីដំបូងគេ
កដ្ឋមណ្ឌូ៖កាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញា អតីតប្រធានតុលាការកំពូលនេប៉ាល់ លោកស្រី Sushila Karki បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីស្តីទី ក្លាយជាមេដឹកនាំស្រីដំបូងបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសអាស៉ីខាងត្បូងមួយនេះ បន្ទាប់ពីបាតុកម្មប្រឆាំងអំពើពុករលួយ បានផ្ទុះឡើងយ៉ាងកក្រើក រហូតបង្ខំឱ្យលោក K.P. Sharma Oli ចុះចេញពីតំណែង នាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោកស្រី Karki ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន ដោយប្រធានាធិបតីនេប៉ាល់ លោក Ramchandra Paudel បន្ទាប់ពីការចរចាគ្នារវាងលោក Paudel, ប្រមុខកងទ័ពជើងគោក លោក Ashok Raj Sigdel ហើយនិងក្រុមបាតុករ។ តាមរយៈការឡើងកាន់តំណែងនេះ លោកស្រី Karki មានភារកិច្ចត្រូវរៀបចំចាត់ចែង ឱ្យមានការបោះឆ្នោតសកលសាជាថ្មី នៅត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ លោកស្រីត្រូវបានរំពឹងថា នឹងតែងតាំងរដ្ឋមន្រ្តីក្នុងរដ្ឋាភិបាលរបស់លោកស្រី ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
គួរបញ្ជាក់ថា មនុស្សសរុប៥១នាក់បានបាត់បង់ជីវិត និងជាង១៣០០នាក់ បានរងរបួស ក្នុងសប្តាហ៍នេះ អំឡុងបាតុកម្មប្រឆាំង អំពើពុករលួយ ដែលដឹកនាំដោយចលនាក្រុមយុវជន។ អំពើហិង្សាបានថយចុះកម្តៅទៅវិញ បន្ទាប់ពីលោក Oli លាលែងពីតំណែង កាលពីថ្ងៃអង្គារ។ លោកស្រី Karki បានក្លាយជាជម្រើសដែលក្រុមបាតុករចង់ឱ្យក្លាយជាមេដឹកនាំបណ្តោះអាសន្ន ដោយសារ ពួកគេធ្លាប់បានមើលឃើញថា លោកស្រីជាបុគ្គលប្រកាន់មុតមាំនូវភាពស្មោះត្រង់ និងសុចរិតភាព ជាពិសេសជំហររបស់លោកស្រី ប្រឆាំងនឹងអំពើពុករលួយ។ លោកស្រី Karki ធ្លាប់កាន់តំណែងជាប្រធានតុលាការកំពូលនេប៉ាល់ បានរយៈពេលប្រមាណជា១ឆ្នាំ គឺដល់ពាក់កណ្តាលឆ្នាំ២០១៧៕

