លោកត្រាំនិងលោកស៊ីជីនពីងសម្រេចបានភាពរីកចម្រើនស្ដីពី TikTok និងមានគម្រោងជួបគ្នានៅកូរ៉េខាងត្បូង
វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោក និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង សម្រេចបានភាពរីកចម្រើនស្ដីពីកិច្ចព្រមព្រៀងពាក់ព័ន្ធនឹង បណ្ដាញទំនាក់ទំនងសង្គម TikTok ហើយអាចនឹងជួបមុខគ្នាដោយផ្ទាល់ នៅ៦សប្ដាហ៍ខាងមុខ ក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីពិភាក្សាគ្នាបន្ថែមពីពាណិជ្ជកម្ម ការប្រយុទ្ធប្រឆាំងនឹង គ្រឿងញៀនខុសច្បាប់ ព្រមទាំងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីរូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ស៊ី ជីនពីង កាលពីថ្ងៃសុក្រ ទី១៩ ខែកញ្ញា។ ក្រោយកិច្ចពិភាក្សាតាម ទូរស័ព្ទ មេដឹកនាំទាំង២បានឯកភាពគ្នាថានឹងបើកកិច្ចពិភាក្សាបន្ថែមនាឱកាសចូលរួមកិច្ចប្រជុំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Gyeongju កូរ៉េខាងត្បូង នៅថ្ងៃទី៣១ ខែតុលាខាងមុខ។
លោក ត្រាំ បានអះអាងថារូបលោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅដើមឆ្នាំក្រោយ រីឯលោក ស៊ី ជីនពីងវិញនឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅពេលក្រោយ។ តាមលោក ត្រាំ រូបលោក និងលោក ស៊ី ជីនពីងក៏សម្រេចបានផងដែរភាពរីកចម្រើនជុំវិញពាណិជ្ជកម្ម ការប្រយុទ្ធប្រឆាំងថ្នាំញៀន fentanyl រួមទាំងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទមានរយៈពេលជាង ២ម៉ោង។
គួរបញ្ជាក់ថា ក្រោយការកត់សម្គាល់របស់លោក ត្រាំ ចិនបានចេញសេចក្ដីថ្លែងការណ៍មួយ តែមិនបាននិយាយអ្វីពីកិច្ចព្រមព្រៀងផ្លូវការពាកព័ន្ធនឹង Tik Tok នោះទេ៕

