ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិកហៅការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយសម្ព័ន្ធមិត្តគឺជាការសម្ដែង

162

វ៉ាស៊ីនតោនសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២១ ខែកញ្ញា បានហៅការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយសម្ព័ន្ធមិត្តសំខាន់ៗជាច្រើនរបស់ខ្លួនក្នុងនោះរួមមានចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដា គ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

ប្រតិកម្មរបស់សហរដ្ឋអាមេរិកកើតមានឡើងបន្ទាប់ពីចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី និងព័រទុយហ្កាល់ បាននាំគ្នាទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការកាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យម្នាក់នៃ ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «យើងនៅតែបន្តផ្ដោតលើការទូតប្រាកដប្រជា មិនមែនត្រឹមជាការសម្ដែងនោះទេ។ អាទិភាពរបស់យើងគឺ ច្បាស់លាស់ នោះគឺការដោះលែងចំណាប់ខ្មាំង សន្តិសុខរបស់អ៉ីស្រាអែល ព្រមទាំងសន្តិភាព និងភាពរុងរឿងសម្រាប់តំបន់ទាំងមូលដោយមិនមានក្រុមហាម៉ាស»។ 

ការសម្រេចចិត្តរបស់ប្រទេសលោកខាងលិចទាំង៤ខាងលើ ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល បានផ្សារភ្ជាប់ពួកគេទៅនឹងប្រទេសច្រើនជាង១៤០ផ្សេងទៀតដែលបានគាំទ្រក្ដីប្រាថ្នារបស់ ប្រជាជនប៉ាឡេស្ទីនក្នុងការបង្កើតរដ្ឋឯករាជ្យមួយឡើង។ ប្រទេសដទៃទៀត ក្នុងនោះរួមមានទាំងបារាំងត្រូវបានរំពឹងថានឹងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក ក្នុងសប្ដាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង