ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូប្រទេសជាច្រើននាំគ្នាក្រោកដើរចេញពីសាលប្រជុំ UNពេលនាយករដ្ឋមន្រ្តីអ៉ីស្រាអែលឡើងថ្លែងសុន្ទរកថា

191

វ៉ាស៉ីនតោន៖បន្ទាប់ពីត្រូវបានមេដឹកនាំពិភពលោកដទៃទៀតថ្កោលទោស ជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា អំឡុងមហាសន្និបាត របស់អង្គការសហប្រជាជាតិ (UN) ដែលបាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុង New York នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានដល់វេនត្រូវឡើងថ្លែងសុន្ទរកថាលើឆាកអន្តរជាតិ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែប្រទេសជាច្រើន មិនបាននៅរង់ចាំស្តាប់ អ្វីដែលលោកត្រូវនិយាយនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ 

ក្រុមអ្នកតំណាងមកពីរាប់សិបប្រទេស បាននាំគ្នាក្រោកដើរចេញពីកន្លែងអង្គុយ ស្របពេលដែលលោក Netanyahu ដើរសំដៅទៅ កាន់វេទិកា ជាទីដែលរូបលោកបានថ្លែងសុន្ទរកថាមួយ ដែលគ្មានការបន្ទន់ជំហរសូម្បីបន្តិច ហើយការពារទង្វើរបស់ប្រទេស លោក។ លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងមិនទាន់ចប់ទេ ព្រោះក្រុមហាម៉ាសនៅបន្តសំងំក្នុងទីក្រុង Gaza ពួកគេប្តេជ្ញាប្រព្រឹត្តអំពើឃោរឃៅ ដូចកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ម្តងហើយម្តងទៀត ទោះបីជាកងកម្លាំងពួកគេថយចុះកម្រិតណាក៏ដោយ។ ដូច្នេះហើយទើបអ៉ីស្រាអែល ចាំបាច់ត្រូវតែសម្រេចឱ្យដល់ទីបំផុតនៅបេសកកម្មរបស់ខ្លួន ហើយវាជាមូលហេតុដែលយើង ចង់សម្រេចគោលដៅឱ្យបានឆាប់តាម តែអាចទៅរួច»

គួរបញ្ជាក់ថា មុនពេលចាកចេញពីទីក្រុង Tel Aviv របស់អ៉ីស្រាអែល លោក Netanyahu ក៏បានប្តេជ្ញាផងដែរថា នឹងប្រកាន់ជំហរយ៉ាងរឹងមាំ ប្រឆាំងប្រទេសទាំងឡាយណា ដែលបានប្រកាសជាផ្លូវការ នូវការគាំទ្រទទួលស្គាល់របស់ពួកគេ ចំពោះរដ្ឋប៉ាឡេស្ទីនឯករាជ្យ អំឡុងមហាសន្និបាត UN។ លោក Netanyahu ត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួន ក្រោមការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញសង្រ្គាមរបស់អ៉ីស្រាអែល នៅតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង