ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហាម៉ាសចាប់ផ្តើមដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលក្រោមកិច្ចព្រមព្រៀងឈប់បាញ់

133

ហ្កាហ្សានាថ្ងៃទី១៣ ខែតុលា ក្រុមហាម៉ាសប៉ាឡេស្ទីន បានចាប់ផ្តើមដោះលែងចំណាប់ខ្មាំងនៅរស់ចំនួន៧នាក់ដំបូង ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៉ីស្រាអែល ដែលជួយសម្រេចបានដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមដ៏ប្រល័យ នៅតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ចំណាប់ខ្មាំង៧នាក់ ត្រូវបានសមាជិកក្រុមហាម៉ាស ប្រគល់ឱ្យទៅកាកបាទក្រហមអន្តរជាតិនៅហ្កាហ្សា ហើយពួកគេត្រូវបានបញ្ជូនបន្តឱ្យអ៉ីស្រាអែល។ រីឯសម្រាប់ការដោះលែង និងប្រគល់ចំណាប់ខ្មាំងនៅរស់១៣នាក់ចុងក្រោយ រួមជាមួយចំណាប់ខ្មាំងស្លាប់២៦នាក់ និងមិនដឹងស្លាប់ឬរស់ ២នាក់ផ្សេងទៀត នឹងធ្វើឡើងតាមក្រោយ។ ក្រោមកិច្ចព្រមព្រៀង អ៉ីស្រាអែលនឹងត្រូវដោះលែង អ្នកទោសជនជាតិប៉ាឡេស្ទីនជិត ២០០០នាក់ ក្នុងថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា ជម្លោះនៅហ្កាហ្សា បានផ្ទុះឡើងដោយសារការវាយប្រហាររបស់ហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សប្រមាណ១២០០នាក់ នៅអ៉ីស្រាអែល ហើយ២៥១នាក់ផ្សេងទៀត ត្រូវបានចាប់យកធ្វើជាចំណាប់ខ្មាំង។ សង្រ្គាមសងសឹករបស់អ៉ីស្រាអែល ដែលធ្វើឡើងទាំងតាមផ្លូវអាកាសនិងផ្លូវគោក ចាប់តាំងពីពេលនោះ បានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាសឹងតែទាំងស្រុង ហើយបានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនច្រើនជាង ៦៧០០០នាក់៕

អត្ថបទដែលជាប់ទាក់ទង