សហរដ្ឋអាមេរិកនឹងយកថ្លៃសេវាចូលចតកំពង់ផែសម្រាប់នាវាចិន
វ៉ាស៉ីនតោន៖ ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ នាវាចិននឹងត្រូវចាប់ផ្តើមបង់លុយថ្លៃចំណត សម្រាប់ការចូលចតនៅឯកំពង់ផែរបស់សហរដ្ឋអាមេរិក ខណៈដែលភាពតានតឹងពាណិជ្ជកម្មចិន-អាមេរិក បាននិងកំពុងកម្រើកឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ ២០២៥។
យោងតាមតំណាងពាណិជ្ជកម្មអាមេរិក USTR ថ្លៃសេវាកំពង់ផែនឹងត្រូវគិតគូរ រាល់ការធ្វើដំណើរទៅសហរដ្ឋអាមេរិក ជាអតិបរមា ៥ដងក្នុងនាវា ១គ្រឿង ក្នុងមួយឆ្នាំ។ នាវាផលិតដោយចិន ត្រូវបង់លុយចំនួន ១៨ដុល្លារក្នុងមួយតោន ឬ ១២០ដុល្លារក្នុងមួយកុងតឺន័រ ជាមួយនិងការឡើងថ្លៃ ៥ដុល្លារក្នុងមួយឆ្នាំ នៅរយៈពេល ៣ឆ្នាំបន្ទាប់។ ចំណែក នាវាដែលគ្រប់គ្រង ឬដំណើរការដោយពលរដ្ឋចិន ប៉ុន្តែមិនផលិតនៅចិន ត្រូវគិតលុយ ៥០ដុល្លារអាមេរិកក្នុងមួយតោន ជាមួយនិងការកើនឡើងប្រចាំឆ្នាំចំនួន ៣០ដុល្លារអាមេរិក នៅរយៈពេល ៣ឆ្នាំបន្ទាប់។
គោលបំណងនៃការយកថ្លៃសេវាកំពង់ផែអាមេរិក គឺដើម្បីដោះស្រាយភាពត្រួតត្រារបស់ចិន ក្នុងវិស័យដឹកជញ្ជូនពិភពលោក និងផ្តល់នូវការលើកទឹកចិត្តសម្រាប់ការសាងសង់នាវាបន្ថែមទៀត នៅក្នុងសហរដ្ឋអាមេរិក។ ចំណាត់ការដែលត្រូវបានប្រកាស កាលពីខែមេសា ដោយ USTR បានបង្កឱ្យមានចំណាត់ការឆ្លើយតបពីទីក្រុងប៉េកាំង ដោយតម្រូវឱ្យមានការបង់ថ្លៃសេវា ស្រដៀងគ្នានេះ លើនាវាអាមេរិក ហើយចាប់ផ្តើមនៅកាលបរិច្ឆេទតែមួយ៕
