ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហភាពអឺរ៉ុបគាំទ្រជំនួបត្រាំ-ពូទីននៅទីក្រុង Budapest ប្រសិនបើវាបម្រើឱ្យសន្តិភាព

204

ព្រុចសែល៖គណៈកម្មការអឺរ៉ុបបាននិយាយនៅថ្ងៃសុក្រថា ខ្លួនស្វាគមន៍កិច្ចប្រជុំនៅទីក្រុងប៊ុយដាប៉ែស (Budapest) រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ប្រសិនបើវាអាចជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក អូឡូហ្វ ហ្គីល (Olof Gill) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សហភាពអឺរ៉ុបត្រូវតែមានភាពប្រាកដនិយម និងគាំទ្ររាល់ជំហានដែលអាចនាំទៅរកសន្តិភាព ទោះបីជាលោក ពូទីន កំពុងជាប់ដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្គ្រាមក៏ដោយ។ គំនិតនៃកិច្ចប្រជុំនេះ បានកើតឡើងបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍។

គួរបញ្ជាក់ថា ប្រទេសហុងគ្រី ដែលជាសមាជិកសហភាពអឺរ៉ុប កំពុងស្ថិតក្នុងដំណើរការដកខ្លួនចេញពីតុលាការ ICC ហើយនាយករដ្ឋមន្ត្រីរបស់ខ្លួន លោក វិកទ័រ អរបាន (Viktor Orban) រក្សាបាននូវទំនាក់ទំនងដ៏កក់ក្តៅជាមួយលោក ពូទីន។ អ្នកនាំពាក្យសហភាពអឺរ៉ុបបានបញ្ជាក់ថា ទោះបីជាលោក ពូទីន ជាប់ដីកាចាប់ខ្លួនរបស់ ICC ដែលពាក់ព័ន្ធនឹងការចាប់ពង្រត់កុមារអ៊ុយក្រែនក៏ដោយ ក៏លោកមិនស្ថិតនៅក្រោមបម្រាមធ្វើដំណើរជាក់លាក់ណាមួយរបស់សហភាពអឺរ៉ុបនោះទេ ហើយប្រទេសជាសមាជិកនីមួយៗអាចចេញការអនុញ្ញាតពិសេស សម្រាប់ការធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ខ្លួនបាន៕

អត្ថបទដែលជាប់ទាក់ទង