ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃលាលែងពីតំណែងក្រោយរងការចោទប្រកាន់ជាប់ពាក់ព័ន្ធបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

80

ក្រុងបាងកកកាលពីថ្ងៃពុធ ទី២២ ខែតុលា អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសថៃ បានប្រកាសថា លោកនឹងលាលែងចេញពីតំណែង ក្រោយរងការចោទប្រកាន់ ដែលទាញភ្ជាប់រូបលោក ជាមួយបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា«ប្រព័ន្ធអនឡាញ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រុមបក្សប្រឆាំងបានចោទថា អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក Vorapak Tanyawong និងភរិយារបស់លោក គឺស្ថិតក្នុងចំណោម អ្នកនយោបាយថៃមួយចំនួន ដែលមានជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋជន ដែលរកស៉ីលាងលុយសម្រាប់បម្រើដល់ប្រតិបត្តិការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងតំបន់។

លោក Vorapak បានច្រានចោលការចោទប្រកាន់នេះ ប៉ុន្តែបាននិយាយថា លោកនឹងលាលែងពីតំណែង ដើម្បីឱ្យរដ្ឋាភិបាល អាច បន្តដឹកនាំប្រទេសដោយរលូន កុំឱ្យមានឧបសគ្គរារាំងដោយសារតែរឿងរបស់លោក។ លោក Vorapak បានអះអាងថា រូបលោកមានភាពស្អាតស្អំ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងជនទាំងឡាយដែលបំភ្លៃការពិត និងចែកចាយព័ត៌មានក្លែងក្លាយ។

គួរបញ្ជាក់ថា លោក Vorapak ក្លាយជាមន្រ្តីដំបូងគេនៅក្នុងគណៈរដ្ឋមន្រ្តី របស់លោកនាយករដ្ឋមន្រ្តី Anutin Charnvirakul ដែលបានលាលែងចេញពីតំណែង ក្រោយចូលកាន់តួនាទីបានត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង