ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនវ៉ាដាច់អាមេរិកក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់

92

ក្តុងប៉េកាំង៖ទិន្នន័យបឋមពីការិយាល័យស្ថិតិអាល្លឺម៉ង់ បានឱ្យដឹងថា ចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ ក្នុងរយៈពេល ៨ខែនៃឆ្នាំ ២០២៥ និងបានជាប់ចំណាត់ថ្នាក់កំពូលវិញ ខណៈពន្ធគយកម្រិតខ្ពស់ដាក់សម្ពាធលើការនាំចេញរបស់អាល្លឺម៉ង់ ទៅកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ ២០២៥។

តាមការគណនារបស់ Reuters ការនាំចូល-នាំចេញរបស់អាល្លឺម៉ង់ជាមួយចិន មានចំនួនសរុបគិតជាទឹកប្រាក់ ១៩០.៧ពាន់លានដុល្លារ ចាប់ពីខែមករា ដល់ខែសីហា។ រីឯពាណិជ្ជកម្មអាល្លឺម៉ង់ជាមួយសហរដ្ឋអាមេរិក មានចំនួន ១៨៨.៧ពាន់លានដុល្លារ។

កាលពីឆ្នាំ ២០២៤ អាមេរិកគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់ ដែលបានបិទផ្លូវចិនអស់រយៈពេល ៨ឆ្នាំមកហើយ។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលអាល្លឺម៉ង់ ព្យាយាមកាត់បន្ថយការពឹងផ្អែកលើចិន ដោយទីក្រុងប៊ែរឡាំង បានលើកឡើងពីភាពខុសប្លែកគ្នាខាងផ្នែកនយោបាយ និងចោទប្រកាន់ទីក្រុងប៉េកាំងពីការអនុវត្តមិនយុត្តិធម៌។

ពន្ធគយបានទម្លាក់ការនាំចេញរបស់អាល្លឺម៉ង់ ទៅកាន់សហរដ្ឋអាមេរិក ដោយធ្លាក់ចុះ ៧.៤ភាគរយក្នុងរយៈពេល ៨ខែនៃឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។ ទោះជាការនាំចេញពីអាល្លឺម៉ង់ទៅចិន បានធ្លាក់ចុះខ្លាំងជាងការនាំចេញទៅអាមេរិក ប៉ុន្តែការនាំចូលពីចិនទៅអាល្លឺម៉ង់វិញ បានកើនឡើង ៨.៣ភាគរយគឺមានចំនួន ១២៦.១ពាន់លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង