ចិនបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកហោះក្បែរកោះតៃវ៉ាន់មុនជំនួបកំពូលត្រាំ-ស៉ី
ក្រុងប៉េកាំង៖កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកចិន H-6K មួយក្រុម នាពេលថ្មីៗនេះ បានហោះក្បែរកោះតៃវ៉ាន់ ដើម្បីធ្វើការហ្វឹកហាត់ប្រឈមមុខ ខណៈសេចក្តីរាយការណ៍អំពីរឿងនេះ ធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនប្រធានាធិបតីអាមេរិកនិងចិន គ្រោងជួបមុខគ្នានៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥។
យ៉ាងណាមិញ ពុំមានការបញ្ជាក់អំពីកាលបរិច្ឆេទ នៃការធ្វើសកម្មភាពរបស់ក្រុមយន្តហោះទម្លាក់គ្រាប់បែកខាងលើ នោះទេ។ យន្តហោះទម្លាក់គ្រាប់បែក H-6K របស់ចិន គឺជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត ដែលមានសមត្ថភាពផ្ទុក អាវុធនុយក្លេអ៊ែរ។ នាព្រឹកថ្ងៃចន្ទនេះ ក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីសកម្មភាពយោធារបស់ចិន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីវត្តមានយន្តហោះយោធាចិនត្រឹម៤គ្រឿងប៉ុណ្ណោះ ក្នុងនោះមានយន្តហោះចម្បាំង ៣គ្រឿង នៅច្រកសមុទ្រតៃវ៉ាន់ និងយន្តហោះគាំទ្រ១គ្រឿង នៅភាគនិរតីពីឆ្នេរតៃវ៉ាន់។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ត្រូវបានរំពឹងថា នឹងបើកជំនួបកំពូល អំឡុងព្រឹត្តិការណ៍វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) នៅប្រទេសកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីបញ្ហាវិវាទពាណិជ្ជកម្ម រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Macrco Rubio បាននិយាយថា តៃវ៉ាន់មិនមានអ្វីត្រូវបារម្ភ អំពីកិច្ចពិភាក្សានេះឡើយ៕
