ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនបង្ខំឱ្យបិទអាកាសយានដ្ឋានជុំវិញទីក្រុងមូស្គូ
ក្រុងមូស្គូ៖អាជ្ញាធររុស្ស៉ី បាននិយាយនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែតុលានេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានធ្វើការពេញមួយយប់ ដើម្បីទប់ស្កាត់ការវាយប្រហារកំណត់គោលដៅមកទីក្រុងមូស្គូ ដែលបានបង្ខំឱ្យអាកាសយានដ្ឋានចំនួនពីរនៃទីក្រុង ត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានឱ្យដឹងថា រយៈពេល ៥ម៉ោង រាប់ចាប់ពីមុនម៉ោង ១០យប់ថ្ងៃអាទិត្យ (ម៉ោងនៅមូស្គូ) អង្គភាពការពារជាតិរុស្ស៉ី បានបាញ់ទម្លាក់ដ្រូនចំនួន ២៨ គ្រឿង។ អាជ្ញាធរអាកាសចរណ៍ស៉ីវិលរុស្ស៉ី Rosaviatsiya និយាយថា អាកាសយានដ្ឋានធំ Domodedovo និងអាកាសយានដ្ឋាន Zhukovsky តូចមួយទៀត ត្រូវបានបិទដើម្បីធានាសុវត្ថិភាពផ្លូវអាកាស ដោយចាប់ផ្តើមនៅម៉ោងជិត ១១យប់ថ្ងៃដដែល។
គួរបញ្ជាក់ថា រុស្ស៉ី កម្របង្ហាញពីទំហំពេញលេញនៃការខូចខាត ដោយការវាយប្រហាររបស់អ៊ុយក្រែន នៅក្នុងទឹកដីរបស់ខ្លួនណាស់ លុះត្រាតែមានជាប់ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធស៉ីវិល។ ភ្លាមៗនេះ មិនទាន់មានការអត្ថាធិប្បាយពីអ៊ុយក្រែនទេ៕
