ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកពូទីនថាផែនការសន្តិភាពរបស់អាមេរិកអាចបម្រើជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន , អាមេរិកគំរាមកាត់ផ្តាច់ការផ្តល់ព័ត៌មានសម្ងាត់និងសព្វាវុធឱ្យអ៊ុយក្រែន

107

ក្រុងមូស្គូកាលពីថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា សំណើរបស់សហរដ្ឋអាមេរិក សម្រាប់សន្តិភាពនៅអ៊ុយក្រែន អាចដើរតួជាមូលដ្ឋានគ្រឹះ នៃដំណោះស្រាយសម្រាប់ជម្លោះបាន ប៉ុន្តែប្រសិនបើទីក្រុងកៀវបដិសេធ នោះកងកម្លាំងរុស្ស៉ីនឹងបន្តឆ្ពោះទៅមុខកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យដឹងថា រូបលោកទុកពេលឱ្យអ៊ុយក្រែន ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដើម្បីទទួលយកផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលគាំទ្រលក្ខខណ្ឌទាមទារសំខាន់ៗរបស់រុស្ស៉ី ស្តីពី NATO ទឹកដី និង កម្លាំងយោធារបស់អ៊ុយក្រែន។

លោក ពូទីន បាននិយាយថា បើតាមការយល់ឃើញរបស់លោក គឺផែនការសន្តិភាពខាងលើ អាចប្រើប្រាស់ជាមូលដ្ឋានគ្រឹះ សម្រាប់ដំណោះស្រាយដោយសន្តិវិធីចុងក្រោយមួយ។ លោកប្រធានាធិបតីរុស្ស៉ី បានបន្ថែមថា ផែនការសន្តិភាព២៨ចំណុចនេះ មិនទាន់ត្រូវបានពិភាក្សាលម្អិតជាមួយអាមេរិកនៅឡើយទេ ប៉ុន្តែទីក្រុងមូស្គូទទួលបានឯកសារចម្លងរបស់វា។

ជាចុងក្រោយ លោក ពូទីន បានសង្កត់ធ្ងន់ថា ទីក្រុងកៀវនិងក្រុមមហាអំណាចនៅអឺរ៉ុប ហាក់នៅតែមិនទាន់យល់ច្បាស់ អំពីការពិតជាក់ស្តែងដែលថា កងកម្លាំងរបស់រុស្ស៉ី កំពុងទទួលបានភាពរីកចម្រើនលើសមរភូមិនៅអ៊ុយក្រែន ហើយនឹងបន្តថែមទៀត លុះត្រាតែមានសន្តិភាព។ លោក ពូទីន បាននិយាយថា កងកម្លាំងរុស្ស៉ីទើបដណ្តើមកាន់កាប់បានសឹងទាំងស្រុង នៅទីក្រុង Kupiansk ភាគឦសានអ៊ុយក្រែន បើទោះបីជាទីក្រុងកៀវបដិសេធក៏ដោយ ហើយជោគជ័យបែបនេះ នឹងបន្តកើតមាន ប្រសិនបើអ៊ុយក្រែន បដិសេធផែនការរបស់អាមេរិក៕

អាមេរិកគំរាមកាត់ផ្តាច់ ការផ្តល់ព័ត៌មានសម្ងាត់និងសព្វាវុធ ដើម្បីដាក់សម្ពាធឱ្យអ៊ុយក្រែន ទទួលយកផែនការសន្តិភាព 

(កៀវ) ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា បានរាយការណ៍ថា សហរដ្ឋអាមេរិក បានគំរាមកាត់ផ្តាច់ ការចែករំលែកព័ត៌មានសម្ងាត់ និងការផ្គត់ផ្គង់សព្វាវុធសម្រាប់អ៊ុយក្រែន ដើម្បីដាក់សម្ពាធឱ្យទទួលយកផែនការសន្តិភាពរបស់ ប្រធានាធិបតី ដូណាល់ ត្រាំ។ 

Reuters បានរាយការណ៍ដូចខាងលើ ដោយផ្អែកលើប្រភពចំនួន២ ដែលដឹងស៉ីជម្រៅបញ្ហានេះ។ ដោយនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញអត្តសញ្ញាណ ប្រភពដដែលបានលើកឡើងថា ទីក្រុងកៀវកំពុងស្ថិតក្រោមសម្ពាធខ្លាំងបំផុតរបស់ទីក្រុងវ៉ាស៉ីនតោន ហើយអាមេរិកចង់ឱ្យអ៊ុយក្រែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោល នៅត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ ប្រភពមួយក្នុងចំណោមនោះ បាននិយាយយ៉ាងដូច្នេះថា «ពួកគេចង់បញ្ចប់សង្រ្គាម ហើយចង់ឱ្យអ៊ុយក្រែន ជាអ្នកទទួលរងផលវិបាក»

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន បានបង្ហាញដល់អ៊ុយក្រែន នូវផែនការសន្តិភាព២៨ចំណុច ដែលរួមមានការទទួលយក លក្ខខណ្ឌទាមទារសំខាន់ៗមួយចំនួនរបស់រុស្ស៉ី ដូចជាកំណត់ឱ្យទីក្រុងកៀវត្រូវកាត់ទឹកដីបន្ថែម ដាក់កំហិតលើទំហំយោធា និង មិនអាចចូលរួមក្នុងអង្គការ NATO ជាដើម។ កាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនកំពុងប្រឈមហានិភ័យបាត់បង់រវាង កិត្តិយសក៏ដូចជាសេរីភាពរបស់ខ្លួន ហើយនិងការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន៕

អត្ថបទដែលជាប់ទាក់ទង