លោកស៊ីជីនពីងប្រាប់លោកត្រាំថា៖ការត្រឡប់របស់តៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ចិនជាស្នូលនៃសណ្ដាប់ធ្នាប់អន្តរជាតិក្រោយសង្រ្គាមលោកលើកទី២ ,តែតៃវ៉ាន់ថាមិនមែនជាជម្រើសរបស់ប្រជាជនតៃវ៉ាន់ឡើយ
ក្រុងប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាថាការវិលត្រឡប់របស់តៃវ៉ាន់ មកនៅក្រោមការគ្រប់គ្រងរបស់ចិនវិញ គឺជាចំណុចស្នូលមួយនៃសណ្ដាប់ធ្នាប់អន្តរជាតិក្រោយសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
តាម Xinhua លោក ស៊ី ជីនពីង បានប្រាប់លោក ត្រាំ ថា «ចិន និងសហរដ្ឋអាមេរិកធ្លាប់ប្រកៀកស្មាគ្នាប្រយុទ្ធប្រឆាំងនឹងរបបហ្វាស៊ីស និងយោធានិយម ដូច្នេះឥលូវគួរតែធ្វើការជាមួយគ្នា ដើម្បីការពារថែរក្សាសមិទ្ធផលនៃសង្រ្គាមលោកលើកទី២»។ មន្ត្រីសេតវិមានម្នាក់បានទទួលស្គាល់ថាមេដឹកនាំនៃប្រទេសទាំង២ ពិតជាបានបើកកិច្ចសន្ទនាតាមទូរស័ព្ទប្រាកដមែន តែមិនបាន ផ្ដល់ព័ត៌មានលម្អិតឡើយ។ ការអត្ថាធិប្បាយរបស់លោក ស៊ី ជីនពីងខាងលើទៀតសោត ធ្វើឡើងចំពេលចិន និងជប៉ុនកំពុងមានជម្លោះការទូតនឹងគ្នា បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បាននិយាយថាប្រសិនបើចិនប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងកោះតៃវ៉ាន់ នោះជប៉ុនអាចនឹងធ្វើការឆ្លើយតបដោយយោធា។
ចិនបានចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន និងបានព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ ក្នុងករណីចាំបាច់។ តៃវ៉ាន់វិញបានច្រានចោលការអះអាង របស់ចិន ហើយថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលសម្រេចពីជោគវាសនារបស់តៃវ៉ាន់។
តៃប៉ិ៖នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បាននិយាយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកាថាការវិលត្រឡប់របស់តៃវ៉ាន់ដែលមានប្រជាជនរស់នៅ ២៣លាននាក់ ទៅរកចិនវិញមិនមែនជា ជម្រើសនោះទេ ហើយនេះជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រាប់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាថាការវិលត្រឡប់របស់តៃវ៉ាន់ មកនៅក្រោមការគ្រប់គ្រង របស់ចិនវិញ គឺជាចំណុចស្នូលមួយនៃសណ្ដាប់ធ្នាប់អន្តរជាតិក្រោយសង្រ្គាមលោកលើកទី២។
ការអត្ថាធិប្បាយរបស់លោក ស៊ី ជីនពីងខាងលើទៀតសោត ធ្វើឡើងចំពេលចិន និងជប៉ុនកំពុងមានជម្លោះការទូតនឹងគ្នា បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បាននិយាយថា ប្រសិនបើចិនប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងកោះតៃវ៉ាន់ នោះជប៉ុនអាចនឹងធ្វើការឆ្លើយតបដោយយោធា។ លោកស្រី Takaichi ត្រូវបានរាយការណ៍ថានឹងត្រូវបើកកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយលោក ត្រាំ នៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ៕
