ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនព្រមានថាខ្លួននឹងកម្ទេចកិច្ចប្រឹងប្រែងបរទេសនានាដែលមានបំណងជ្រៀតជ្រែកបញ្ហាតៃវ៉ាន់

168

ក្រុងប៉េកាំង៖នាថ្ងៃពុធទី២៦វិច្ឆិកានេះ ប្រទេសចិនបានបន្តព្រមានថា ខ្លួននឹងកម្ទេចការប៉ុនប៉ងនានាពីសំណាក់បរទេស ដើម្បីលូកលាន់ជ្រៀតជ្រែក ក្នុងបញ្ហាតៃវ៉ាន់ បន្ទាប់ពីជប៉ុនបានប្រកាសផែនការដាក់ពង្រាយ ប្រព័ន្ធមីស៉ីលនៅលើកោះមួយ ដែលនៅកៀកកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឆ្លើយតបសំណួរពាក់ព័ន្ធផែនការដាក់ពង្រាយប្រព័ន្ធមីស៉ីលរបស់ជប៉ុន លោក Peng Qingen អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន បាននិយាយយ៉ាងដូច្នេះថា «ពួកយើងមានឆន្ទៈ ការប្តេជ្ញា និងសមត្ថភាពរឹងមាំ ដើម្បីការពារផលប្រយោជន៍ជាតិ និងបូរណភាពទឹកដីរបស់យើង។ យើងនឹងកម្ទេចការជ្រៀតជ្រែតនានាពីបរទេស»

លោក Peng បានបន្តថា «ការដាក់ពង្រាយប្រព័ន្ធសព្វាវុធរបស់ជប៉ុន នៅតំបន់កៀកនឹងតំបន់តៃវ៉ាន់របស់ចិន គឺគ្រោះថ្នាក់យ៉ាងខ្លាំង ហើយមានចេតនាបង្កើតភាពតានតឹងក្នុងតំបន់ និងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា»។ ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ ជាផ្នែកទឹកដីរបស់ខ្លួន និងមិនដែលបោះបង់ជម្រើសប្រើកម្លាំង ដើម្បីគ្រប់គ្រងកោះនេះឡើយ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងតូក្យូ បានធ្លាក់ដុនដាបខ្លាំង នៅក្នុងខែនេះ ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា ជប៉ុនអាចនឹងត្រូវធ្វើអន្តរាគមន៍យោធា ប្រសិនបើចិនសម្រេចវាយលុកលើតៃវ៉ាន់៕

អត្ថបទដែលជាប់ទាក់ទង