នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim អំពាវនាវឱ្យកម្ពុជានិងថៃអត់ធ្មត់ជាអតិបរមា
គូឡាឡាំពួរ៖នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃចន្ទ ទី៨ ខែធ្នូ បានបង្ហាញការព្រួយបារម្ភអំពីសេចក្ដីរាយការណ៍ពាក់ព័ន្ធនឹងការផ្ទុះជម្លោះប្រដាប់អាវុធ នៅបណ្ដោយព្រំដែនរវាងកម្ពុជា និងថៃ ជាមួយការអំពាវនាវឱ្យប្រទេសទាំង២ រក្សាការអត់ធ្មត់។
នៅក្នុងការបង្ហោះមួយលើគណនី Facebook របស់លោក លោក Anwar Ibrahim បាននិយាយថាថៃ និងកម្ពុជាគឺជាដៃគូជិតស្និទ្ធរបស់ម៉ាឡេស៊ី និងជាសមាជិកដ៏សំខាន់ របស់អាស៊ាន។ «ដូច្នេះហើយ យើងជំរុញឱ្យភាគីទាំងសងខាងរក្សាការអត់ធ្មត់ជាអតិបរមា និងបន្តរក្សាការទំនាក់ទំនងឱ្យបើកចំហ ព្រមទាំងអនុវត្តតាមយ៉ាងពេញលេញនូវយន្ដការ ដែលមានស្រាប់»។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោក Anwar។
តាមលោក Anwar Ibrahim ម៉ាឡេស៊ីត្រៀមលក្ខណៈជាស្រេចដើម្បីគាំទ្រដល់ជំហាននានាដែលអាចស្ដារឡើងវិញនូវ ភាពស្ងប់ស្ងាត់ និងបញ្ចៀសកុំឱ្យឧបទ្ទវហេតុនានាកើតឡើងជាថ្មីនៅពេលអនាគត៕
