ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអនុទីននិយាយថាបានត្រៀមខ្លួនពិភាក្សាជាមួយលោកដូណាល់ត្រាំប៉ុន្តែទាមទារឲ្យមានការកំណត់កាលវិភាគប្រជុំកម្រិតថ្នាក់ដឹកនាំនិងចំណុចពិភាក្សាឱ្យបានល្អិតល្អន់

198

បាងកកនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសនៅថ្ងៃនេះថា លោកត្រៀមខ្លួនជាស្រេចដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រសិនបើមានការទាក់ទងមកតាមបណ្តាញការទូតត្រឹមត្រូវ និងមានកាលវិភាគច្បាស់លាស់។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃ។

ទោះជាយ៉ាងណា លោក Anutin បានបញ្ជាក់ថា រហូតមកដល់ពេលនេះ លោក ត្រាំ មិនទាន់បានទាក់ទងមកនៅឡើយទេ ទោះបីជាមានការលើកឡើងថា នឹងទូរស័ព្ទមកចរចាបទឈប់បាញ់រវាងថៃ និងកម្ពុជាក៏ដោយ។ លោកក៏បានគូសបញ្ជាក់ដែរថា ការកំណត់កាលវិភាគប្រជុំកម្រិតថ្នាក់ដឹកនាំ ទាមទារឱ្យមានការរៀបចំចំណុចពិភាក្សាឱ្យបានល្អិតល្អន់ ដោយត្រូវមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស មេបញ្ជាការកងទ័ព និងរដ្ឋមន្ត្រីការពារជាតិ ដើម្បីធានាថាការដោះស្រាយបញ្ហាធ្វើឡើងប្រកបដោយតម្លាភាព។

ទាក់ទងនឹងសំណួរថា តើ «បទឈប់បាញ់» អាចត្រូវបានបង្គាប់បញ្ជាពីខាងក្រៅបានដែរឬទេ? លោក Anutin បានឆ្លើយតបថា «វាជារឿងដាច់ដោយឡែករបស់ប្រទេសពីរ»។ លោកបានបន្ថែមថា ទោះបីជាមេដឹកនាំផ្សេងទៀតចង់បានសន្តិភាពក៏ដោយ ក៏ប្រទេសថៃចាំបាច់ត្រូវពន្យល់ពីបញ្ហា និងមូលហេតុដែលនាំឱ្យមានស្ថានភាពបច្ចុប្បន្នជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង