លោក ត្រាំ អាចរក្សាទំនាក់ទំនងល្អជាមួយចិន និងសម្ព័ន្ធភាពរឹងមាំជាមួយជប៉ុន
វ៉ាស៊ីនតោន៖សេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ បាននិយាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចរក្សាទំនាក់ទំនងល្អជាមួយចិន និងសម្ព័ន្ធភាពរឹងមាំជាមួយជប៉ុន ខណៈភាពតានតឹងរវាងប្រទេសទាំង២បន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅឯសន្និសីទសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានគូសបញ្ជាក់ដូច្នេះថា «ជប៉ុនគឺជាសម្ព័ន្ធមិត្តដ៏អស្ចារ្យរបសសហរដ្ឋអាមេរិកដែលត្រូវបានបញ្ជាក់ដោយ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់មេដឹកនាំនៃប្រទេសទាំង២ និងការបន្តទំនាក់ទំនងពាណិជ្ជកម្មរបស់យើងជាមួយជប៉ុន»។
អ្នកនាំពាក្យរូបនេះបន្ថែមថាពាក់ព័ន្ធនឹងចិន លោកប្រធានាធិបតី ត្រាំ ក៏មានទំនាក់ទំនងការងារល្អជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលលោកផ្ទាល់ជឿថាជារឿងល្អមួយសម្រាប់ ប្រទេសរបស់យើង ហើយលោកជឿជាក់ថាសហរដ្ឋអាមេរិកគួរតែស្ថិតនៅក្នុងគោលជំហរមួយត្រូវតែមានទំនាក់ទំនងការងារល្អជាមួយចិន ខណៈបន្តរក្សាសម្ព័ន្ធភាពរឹងមាំជាមួយជប៉ុន៕
