ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់ប្រហារជីវិតមនុស្សម្នាក់ទៀតក្រោមការចោទប្រកាន់ធ្វើចារកម្មឱ្យអ៉ីស្រាអែល

178

តេហេរ៉ង់៖នាថ្ងៃសៅរ៍នេះ អ៉ីរ៉ង់បានប្រហារជីវិតបុរសម្នាក់ទៀត ដែលត្រូវបានរកឃើញថា មានទោសពីបទធ្វើចារកម្មឱ្យអ៉ីស្រាអែល ហើយមានទំនាក់ទំនងជាមួយ ក្រុមដែលប្រឆាំងរដ្ឋាភិបាលអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥។

អ៉ីរ៉ង់បានស្ថិតក្នុងសង្រ្គាមចារកម្មជាមួយអ៉ីស្រាអែលរាប់ទសវត្សរ៍មកហើយ និងបានប្រហារជីវិតមនុស្សជាច្រើននាក់ ដែលរងការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយ បណ្តាញស៉ើបការណ៍សម្ងាត់របស់អ៉ីស្រាអែល និងជួយសម្របសម្រួលប្រតិបត្តិការរបស់ចារកម្មអ៉ីស្រាអែល នៅក្នុងប្រទេសអ៉ីរ៉ង់។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សអ៉ីរ៉ង់ ដែលមានមូលដ្ឋាននៅទីក្រុង Oslo ប្រទេសន័រវែស បាននិយាយថា បុរសខាងលើ គឺជានិស្សិតស្ថាបត្យកម្មវ័យ២៧ឆ្នាំ ឈ្មោះ Aghil Keshavarz ដែលត្រូវបានផ្តន្ទាទោសប្រហារជីវិត ពីបទចោទប្រកាន់ពាក់ព័ន្ធ ការធ្វើចារកម្មឱ្យអ៉ីស្រាអែល ដោយផ្អែកលើចម្លើយសារភាពបានមកក្រោមការធ្វើទារុណកម្ម។

គួរបញ្ជាក់ថា ជម្លោះរវាងអ៉ីរ៉ង់និងអ៉ីស្រាអែល បានកើនឡើងទៅជាសង្រ្គាមកាលពីខែមិថុនា ឆ្នាំនេះ នៅពេលយោធាអ៉ីស្រាអែល បានវាយប្រហារលើគោលដៅចម្រុះក្នុងប្រទេសអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងតាមរយៈប្រតិបត្តិការ ដែលពឹងផ្អែកលើក្រុមភ្នាក់ងារចារកម្ម របស់អ៉ីស្រាអែល Mossad ដាក់ពង្រាយខ្លួនចូលជ្រៅក្នុងទឹកដីអ៉ីរ៉ង់។ ការប្រហារជីវិតជនជាតិអ៉ីរ៉ង់ ពីបទធ្វើចារកម្មឱ្យអ៉ីស្រាអែល បានកើនឡើងខ្លាំងក្នុងឆ្នាំ២០២៥ ជាពិសេសប៉ុន្មានខែចុងក្រោយនេះ៕

អត្ថបទដែលជាប់ទាក់ទង