រដ្ឋមន្ត្រីការពារជាតិថៃនឹងចូលរួមចរចាផ្ទាល់ជាមួយកម្ពុជានៅថ្ងៃសៅរ៍២៧ធ្នូដើម្បីស្វែងរកបទឈប់បាញ់
បាងកក៖នាយករដ្ឋមន្ត្រីថៃ លោក អនុទិន បានប្រកាសនៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការពារជាតិថៃនឹងចូលរួមដោយផ្ទាល់ នៅក្នុងកិច្ចពិភាក្សាជាមួយកម្ពុជានៅថ្ងៃសៅរ៍ស្អែកនេះ ដែលត្រូវបានគេរំពឹងថានឹងអាចនាំទៅរកបទឈប់បាញ់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក អនុទិន បានបញ្ជាក់ថា ប្រសិនបើភាគីទាំងពីរអាចឈានដល់ការព្រមព្រៀងថ្មីមួយបាន នោះខ្លឹមសារនៃកិច្ចព្រមព្រៀងថ្មីនេះនឹងស្របតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងមុន ដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបាងកក លោក អនុទិន បានសង្កត់ធ្ងន់ថា «អ្វីដែលសំខាន់គឺយើងទាំងពីរត្រូវរក្សាពាក្យសន្យាថា នឹងមិនគំរាមកំហែង បំពាន ឬញុះញង់ឡើយ និងកាត់បន្ថយអរិភាពរវាងប្រទេសទាំងពីរ»។
ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីចាំផ្ទះថៃរូបនេះ ក៏បានសម្តែងក្តីសង្ឈឹមថា «លើកនេះនឹងជាលើកចុងក្រោយដែលត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែបនេះ ដើម្បីឱ្យមានសន្តិភាពនៅក្នុងតំបន់ និងប្រជាជនអាចត្រឡប់ទៅផ្ទះសម្បែងវិញបាន»៕
