ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk Yeol អាចប្រឈមមុខនឹងទោសប្រហារជីវិត

164

សេអ៊ូល៖រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងស្នើសុំសាលក្រមផ្តន្ទាទោសធ្ងន់ធ្ងរ រហូតដល់ទោសប្រហារជីវិតសម្រាប់អតីតប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol) ពីបទ «មេខ្លោងនៃអំពើបះបោរ» ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកកាលពីឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសវនាការចុងក្រោយនៅតុលាការកណ្តាលទីក្រុងសេអ៊ូលនៅថ្ងៃសុក្រនេះ រដ្ឋអាជ្ញាបានចោទប្រកាន់លោក យូន និងអតីតរដ្ឋមន្ត្រីការពារជាតិ គីម យ៉ុងហ្យុន ថាបានរៀបចំផែនការតាំងពីខែតុលា ឆ្នាំ២០២៣ ដើម្បីព្យួររដ្ឋសភា និងចោទប្រកាន់គូប្រជែងនយោបាយថាជា «កងកម្លាំងប្រឆាំងរដ្ឋ»។ ពួកគេថែមទាំងបានបង្កើតលេសដោយបង្កើនភាពតានតឹងជាមួយកូរ៉េខាងជើង តាមរយៈប្រតិបត្តិការដ្រូនសម្ងាត់ទៀតផង។

លោក យូន វ័យ ៦៥ឆ្នាំ បានបដិសេធរាល់ការចោទប្រកាន់ ដោយអះអាងថាការប្រកាសច្បាប់អាជ្ញាសឹកគឺជាអំណាចរបស់ប្រធានាធិបតី ដើម្បីដាស់តឿនអំពីការរាំងស្ទះរបស់បក្សប្រឆាំង។ តុលាការត្រូវបានគេរំពឹងថានឹងប្រកាសសាលក្រមនៅខែកុម្ភៈ ខាងមុខនេះ។

គួរបញ្ជាក់ថា ទោះបីជាច្បាប់កូរ៉េខាងត្បូងអនុញ្ញាតឱ្យមានទោសប្រហារជីវិតចំពោះបទបះបោរក៏ដោយ ក៏ប្រទេសនេះមិនបានអនុវត្តការប្រហារជីវិតជាក់ស្តែងតាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ៕

អត្ថបទដែលជាប់ទាក់ទង