ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់ព្រមានថាខ្លួននឹងសងសឹកចំពោះការវាយប្រហារណាមួយរបស់អាមេរិកវិញ

162

តេហេរ៉ង់នាថ្ងៃអាទិត្យនេះ អ៉ីរ៉ង់បានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក មុខជានឹងនាំឱ្យទីក្រុងតេហេរ៉ង់ បើកការវាយប្រហារឆ្លើយតបវិញប្រឆាំងអ៉ីស្រាអែល ព្រមទាំងមូលដ្ឋានយោធានានារបស់អាមេរិក ដែលស្ថិតក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០៦។

សារព្រមានខាងលើធ្វើឡើងដោយ ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf ស្របពេលដែលប្រភពនៅអ៉ីស្រាអែល បានបង្ហើបឱ្យដឹងថា អ៉ីស្រាអែលកំពុងប្រុងជើងការខ្ពស់ សម្រាប់លទ្ធភាពនៃការធ្វើអន្តរាគមន៍យោធារបស់អាមេរិក ដើម្បីគាំទ្រចំពោះ ចលនាបាតុកម្មទូទាំងប្រទេស ដែលបាននិងកំពុងរីករាលនៅអ៉ីរ៉ង់។ 

ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថា អាចនឹងធ្វើអន្តរាគមន៍យោធានៅប្រទេសអ៉ីរ៉ង់ ហើយលោកបានព្រមានថ្នាក់ដឹកនាំអ៉ីរ៉ង់ ប្រឆាំងការប្រើប្រាស់អំពើហិង្សាលើក្រុមបាតុករ។ កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានប្រកាសជាថ្មីថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីទៅជួយក្រុមបាតុករនៅអ៉ីរ៉ង់។

គួរបញ្ជាក់ថា អ៉ីរ៉ង់ធ្លាប់បានធ្វើសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥ ជាមួយអ៉ីស្រាអែល ហើយអំឡុងពេលនោះ អាមេរិកក៏បានចូលរួម ជាមួយអ៉ីស្រាអែល វាយប្រហារលើទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង