ប្រេងផ្អាកឡើងថ្លៃខណៈនាវាដឹកជញ្ជូនវ៉េណេស៊ុយអេឡាដំណើរការវិញប៉ុន្តែក្តីបារម្ភពីបញ្ហាអ៉ីរ៉ង់កើនឡើង
Reuters៖ក្រោយហក់ឡើងអស់រយៈពេល ៤ថ្ងៃមកនេះ តម្លៃប្រេងនាថ្ងៃពុធ ទី១៤ ខែមករា បានធ្លាក់ចុះវិញ ខណៈវ៉េណេស៊ុយអេឡាបន្តការនាំចេញ ហើយស្តុកប្រេងឆៅ និងផលិតផលរបស់អាមេរិកបានកើនឡើងវិញ ទោះបីជាទីផ្សារកំពុងបារម្ភអំពីការរំខាន ជុំវិញការផ្គត់ផ្គង់របស់អ៉ីរ៉ង់ដោយសារតែបាតុកម្មក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សន្ទស្សន៍តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ២០សេន មកនៅត្រឹម ៦៥.២៧ដុល្លារក្នុងមួយបារ៉ែល។ រីឯប្រេងអាមេរិក West Texas Intermediate បានធ្លាក់ចុះ ២៣សេន មកនៅត្រឹម ៦០.៩២ដុល្លារក្នុងមួយបារ៉ែល។
អ្នកវិភាគថាមពលនៅធនាគារ DBS លោក Suvro Sarkar បាននិយាយថា «និយាយពីភូមិសាស្រ្តនយោបាយ តម្លៃ ប្រេង បាន ហក់ឡើងបន្តិច រួច ទៅ ហើយ ប្រឈម មុខ នឹង ភាព ចលាចល អ៉ីរ៉ង់ គួបផ្សំនឹង ការ វាយ ប្រហារ ដោយដ្រូននៅ សមុទ្រ ខ្មៅ។ ដរាបណាមិនទាន់មានភាពប្រែប្រួល តម្លៃប្រេងក្នុងទីផ្សារនៅតែអាចរក្សាបានកម្រិតនេះ»។
លោក បន្ថែម ថា ការ ផលិត ប្រេង ឆៅ និង ផលិត ផល ធំ នៅ សហរដ្ឋ អាមេរិក ដែល បាន រាយការណ៍ ដោយ វិទ្យាស្ថាន ប្រេង អាមេរិក (API) កាល ពី ថ្ងៃ អង្គារ ក៏អាច នឹង មាន ទម្ងន់ លើ ការរក្សាតម្លៃនេះ ផង ដែរ។ តាម API ស្តុកប្រេងអាមេរិក ដែលជាអ្នកទិញដ៏ធំបំផុតរបស់ពិភពលោក បានកើនដល់ ៥.២៣លានបារ៉ែល នៅក្នុងសប្តាហ៍ដែលបញ្ចប់ត្រឹមថ្ងៃទី៩ ខែមករា៕
