ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡាតែងតាំងមេបញ្ជាការយោធាថ្មីចំនួន១២នាក់

160

ការ៉ាកាសនាថ្ងៃទី២១ ខែមករា ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានចាប់ផ្តើមការរៀបចំឡើងវិញ នៃកងកម្លាំងប្រដាប់អាវុធ ជាមួយការតែងតាំងមន្រ្តីយោធាជាន់ខ្ពស់សរុបចំនួន១២នាក់ ឱ្យកាន់តំណែងជាមេបញ្ជាការនៃបញ្ជាការដ្ឋានប្រចាំតាមតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោកស្រី Delcy បានឡើងជាមេដឹកនាំស្តីទីរបស់វ៉េណេស៊ុយអេឡា បន្ទាប់ពីប្រធានាធិបតី លោក Nicolas Maduro ត្រូវបានទម្លាក់ពីអំណាចកាលពីដើមខែមករានេះ អំឡុងប្រតិបត្តិការយោធារបស់អាមេរិក។ រូបលោកត្រូវបានយោធាអាមេរិក ចាប់ខ្លួនយកទៅទីក្រុងញូវយ៉ក និងកំពុងជាប់ឃុំឃាំងនៅទីនោះ ជាមួយភរិយារបស់លោក រង់ចាំការកាត់ទោសក្រោមបទល្មើសពាក់ព័ន្ធគ្រឿងញៀន។ លោកស្រី Delcy គឺជាអនុប្រធានាធិបតីរបស់លោក Maduro។

គួរបញ្ជាក់ថា កន្លងមកនេះ លោកស្រី Delcy Rodriguez ក៏បានតែងតាំងប្រធានផ្នែកស៉ើបការណ៍សម្ងាត់ម្នាក់របស់វ៉េណេស៊ុយអេឡា ឱ្យធ្វើជាមេបញ្ជាការនៃកងអង្គរក្សរបស់លោកស្រី ផងដែរ។ បើតាមការបង្ហើបឱ្យដឹងពីមន្រ្តីជាន់ខ្ពស់អាមេរិក លោកស្រី Delcy នឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗ ដែលនេះជាសញ្ញាមួយបង្ហាញពីបំណងរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឱបក្រសោបមេដឹកនាំថ្មីនៃប្រទេសសម្បូរធនធានប្រេងមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង