ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបោះឆ្នោតជុំចុងក្រោយនៅមីយ៉ាន់ម៉ាចាប់ផ្តើមប្រព្រឹត្តទៅស្របពេលគណបក្សគាំទ្រដោយរបបយោធាត្រូវបានរំពឹងថានឹងឈ្នះ

174

ណៃពិដោ៖នាថ្ងៃអាទិត្យនេះ ការបោះឆ្នោតសកលដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងបន្តហែកហួរដោយសង្រ្គាមស៉ីវិល បានចាប់ផ្តើមប្រព្រឹត្តទៅ ស្របពេលដែលគណបក្សគាំទ្រដោយរបបយោធា ត្រូវបានរំពឹងថា នឹងទទួលជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦។

ការបោះឆ្នោតពីរជុំកន្លងមកនេះ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំមុន និងកាលពីថ្ងៃទី១១ ខែមករា ត្រូវបានមើលឃើញថា មានចំនួនអ្នកចូលរួមមិនច្រើនប៉ុន្មានឡើយ គឺខ្ទង់៥៥ភាគរយប៉ុណ្ណោះ ដែលជាអត្រាដ៏ទាបមួយ បើធៀបនឹងអត្រាប្រមាណ ៧០ភាគរយ ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៥ និងឆ្នាំ២០២០។ 

សម្រាប់ជុំចុងក្រោយនេះ ការបោះឆ្នោតកំពុងរៀបចំឡើងនៅក្រុងសរុបចំនួន៦០ ក្នុងនោះរួមមានទាំងក្រុងធំៗ ដូចជា Yangon និង Mandalay ចំពោះមុខការបន្តអូសបន្លាយនៃសង្រ្គាមស៉ីវិល ដែលផ្ទុះឡើងក្រោយយោធាធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៉ីវិល។ យោធាបានឡើងគ្រប់គ្រងប្រទេសអាស៊ានមួយនេះ តាមរយៈរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី។ លោកស្រី ស៊ូជី កំពុងបន្តជាប់ឃុំឃាំងមកទល់ឥឡូវ។

ខណៈអង្គការសហប្រជាជាតិ (UN) និងរដ្ឋាភិបាលប្រទេសលោកខាងលិច ព្រមទាំងក្រុមឃ្លាំមើលសិទ្ធិមនុស្ស បាននាំគ្នារិះគន់ថា ការបោះឆ្នោតខាងលើ គឺជាការបោះឆ្នោតក្លែងក្លាយមួយ សម្រាប់បម្រើជាឧបករណ៍រក្សាអំណាចរបស់របបសឹក រដ្ឋាភិបាលយោធាបានប្តេជ្ញាថា ខ្លួននឹងផ្ទេរអំណាចឱ្យរដ្ឋាភិបាលថ្មី ដែលអាចធ្វើឡើងនៅអំឡុងខែមេសា។

គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតពីរជុំ គណបក្ស Union Solidarity and Development Party ដែលគាំទ្រដោយយោធា ឈ្នះបានអាសនៈចំនួន១៩៣ ក្នុងចំណោម២០៩ នៅរដ្ឋសភា និង៥២អាសនៈក្នុងចំណោម៧៨អាសនៈ នៅព្រឹទ្ធសភា ធ្វើឱ្យគណបក្សនេះនាំមុខគេដាច់។ កន្លងមក បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing ដែលមានអាយុ៦៩ឆ្នាំ ធ្លាប់បានបង្ហាញសញ្ញាថា រូបលោកនឹងពិចារណាតែងតាំងអ្នកបន្តវេន ធ្វើជា អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ហើយរូបលោកទំនងនឹងមកកាន់តួនាទីនយោបាយមួយពេញលក្ខណៈតែម្តង៕

អត្ថបទដែលជាប់ទាក់ទង