ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំតៃវ៉ាន់អះអាងថាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិករឹងមាំដូចថ្មក្រោយកិច្ចសន្ទនាគ្នារវាងលោកត្រាំនិងលោកស៊ីជីនពីង

165

ក្រុងតៃប៉ិ៖មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈបាននិយាយថាទំនាក់ទំនងរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកគឺរឹងមាំដូចថ្ម ហើយកម្មវិធីនានានៃ កិច្ចសហប្រតិបត្តិការនឹងបន្តធ្វើឡើង ដោយមិនមានអ្វីប្រែប្រួលទេ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបើកកិច្ចពិភាក្សាពីតៃវ៉ាន់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ លោក ស៊ី ជីនពីងបានប្រាប់លោក ត្រាំថាសហរដ្ឋអាមេរិកគួរតែដោះស្រាយយ៉ាងប្រុងប្រយ័ត្នជុំវិញការលក់អាវុធទៅឱ្យតៃវ៉ាន់ដែលចិន ចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Lai Ching-te បានលើកឡើងថាតៃវ៉ាន់ និងសហរដ្ឋអាមេរិកមានបណ្ដាញទំនាក់ទំនងនឹងគ្នា យ៉ាងរឹងមាំ។ «ទំនាក់ទំនងរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកគឺរឹងមាំដូចថ្ម ហើយកិច្ចសហប្រតិបត្តិការទាំងអស់នឹងបន្តធ្វើឡើងដោយនឹងមិនមានអ្វីប្រែប្រួលឡើយ»។ នេះជាការគូសបញ្ជាក់របស់មេដឹកនាំតៃវ៉ាន់ ដោយបន្ថែមថាតៃវ៉ាន់មិនមែនជាផ្នែកមួយរបស់សាធារណរដ្ឋប្រជាមានិតចិននោះទេ ហើយរឿងមួយនេះនឹងមិនប្រែប្រួលទេ។ 

គួរបញ្ជាក់ថា ដូចគ្នាទៅនឹងប្រទេសភាគច្រើន សហរដ្ឋអាមេរិកមានទំនាក់ទំនងមិនផ្លូវការជាមួយតៃវ៉ាន់ ប៉ុន្តែអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិដ៏ធំរបស់តៃវ៉ាន់ និងមានកាតព្វកិច្ចដែល មានចែងនៅក្រោមច្បាប់ស្ដីពីទំនាក់ទំនងតៃវ៉ាន់ ត្រូវជួយឱ្យដែនកោះមួយនេះមានមធ្យោបាយការពារខ្លួនឯង។ រដ្ឋបាលលោក ត្រាំកាលពីខែធ្នូកន្លងទៅ បានប្រកាសពីការលក់អាវុធ ទំហំទឹកប្រាក់ ១១.១ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់។ ចិនវិញបានបដិសេធនិយាយជាមួយលោក Lai Ching-te និងបានហៅមេដឹកនាំតៃវ៉ាន់រូបជាថាជាជនឧទ្ទាមផ្ដាច់ខ្លួន ខណៈ លោក Lai បានទទូចថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះជាអ្នកសម្រេចចិត្តលើជោគវាសនារបស់តៃវ៉ាន់៕

អត្ថបទដែលជាប់ទាក់ទង