ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត

77

ភ្នំពេញ៖ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ 

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមមកពីគ្រប់ក្រសួងស្ថាប័ននានា ព្រមទាំងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាបម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី សរុបប្រមាណ ៥០០នាក់។  

ថ្លែងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា វគ្គបណ្តុះបណ្តាលលើកទី៣នេះ ក៏ដូចជា២លើកកន្លងមក គឺមានគោលបំណង ធ្វើសុខដុមនីយកម្ម និងពង្រឹងការរៀបចំ និងការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ឱ្យមានឯកភាព ឯកសណ្ឋាន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវឯកភាពផ្នែករដ្ឋបាល ដែលជាកត្តាមួយយ៉ាងសំខាន់នៃឯកភាពជាតិ ស្របតាមគោលការណ៍ណែនាំ ស្តីពីនីតិវិធីនិងវិធាន នៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលត្រូវបានដាក់ឱ្យអនុវត្តដោយអនុក្រឹត្យលេខ១៧០ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក៏ដូចជាដើម្បីពង្រឹងប្រសិទ្ធភាព និងសមត្ថភាពក្នុងការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យកាន់តែមានគុណភាព និងសង្គតិភាព សំដៅធានាសន្តិសុខគតិយុត្ត និងការលើកកម្ពស់វប្បធម៌នីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ក្នុងបរិការណ៍ដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងបែកបាក់ ហើយប្រទេសខ្លាំងរំលោភប្រទេសខ្សោយ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយឯកតោភាគី ចាកចេញពីគោលការណ៍ពុហភាគី ដែលជាគោលការណ៍ដ៏សំខាន់ក្នុងការគ្រប់គ្រងប្រព័ន្ធអន្តរជាតិ ក៏ដូចជាសង្រ្គាមឈ្លានពាន របស់ថៃមកលើកម្ពុជា ព្រមទាំងបញ្ហាប្រឈម និងហានិភ័យផ្សេងៗទៀត ទាំងខាងក្នុង និងខាងក្រៅ បានធ្វើឱ្យកម្ពុជាយើងដែលជាប្រទេសតូច និងទន់ខ្សោយ បានស្ថិតនៅក្នុងស្ថានភាពមួយដ៏គ្រោះថ្នាក់ ដែលជាការគំរាមកំហែងទៅដល់អត្ថិភាពរបស់ជាតិយើង។ 

ចំពោះមុខស្ថានភាពនេះទាមទារឱ្យយើងទាំងអស់ត្រូវបន្តខិតខំកសាងពង្រឹងខ្លួន និងអភិវឌ្ឍជាតិឱ្យកាន់តែខ្លាំងក្លាលើគ្រប់វិស័យ។ ជាការពិតយើងមានការដ្ឋានច្រើន ដែលត្រូវយកមកគិត និងត្រូវយកមកធ្វើ ក៏ប៉ុន្តែខ្ញុំយល់ឃើញថា ក្នុងពេលនេះជាងពេលណាៗទាំងអស់ យើងចាំបាច់ណាស់ត្រូវតែកសាងប្រព័ន្ធច្បាប់រឹងមាំ ដែលជាសមាសធាតុមួយមិនអាចខ្វះបាន ក្នុងការលើកស្ទួយនីតិរដ្ឋ ដើម្បីទ្រទ្រង់ដល់ការពង្រឹងការកសាង និងការអភិវឌ្ឍជាតិយើង ឱ្យងើបឡើង និងឱ្យខ្លាំងក្លាឡើង ទោះបីជាកម្ពុជាយើងជាប្រទេសតូចក្តី។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏មានប្រសាសន៍លើកឡើងផងដែរ អំពីទស្សនៈរួមក្នុងការរៀបចំច្បាប់ និងការកសាងនីតិរដ្ឋនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា នីតិរដ្ឋ គឺជាចន្ទុល ឬសសរស្ដម្ភមួយ ដែលមិនអាចខ្វះបានក្នុងការគ្រប់គ្រងរដ្ឋ។ ទស្សនាទាននីតិរដ្ឋនេះ បានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ និងក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្រ្តចតុកោណ រហូតមកដល់យុទ្ធសាស្រ្តបញ្ចកោណ ពោលគឺកម្ពុជាបានទទួលយកនូវគោលការណ៍នីតិរដ្ឋជាធំ ក្នុងការគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិនោះទេ។ 

ឯកឧត្ដមបានបន្តថា ដើម្បីពង្រឹងនីតិរដ្ឋ គឺ៖ ទី១.ត្រូវកសាងប្រព័ន្ធច្បាប់មួយដែលមានបូរណភាពភាពពេញលេញគ្រប់ជ្រុងជ្រោយ និងទី២.ត្រូវបណ្តុះនិងលើកស្ទួយវប្បធម៌នីតិរដ្ឋ ដែលមានន័យថា ប្រជាជនយើងម្នាក់ៗ មានការយល់ដឹង និងមានវប្បធម៌គោរពច្បាប់ទាំងអស់គ្នាទាំងអ្នកអនុវត្ត ទាំងអ្នកទទួលរង ដោយភ្ញាក់រលឹក និងដោយយល់ដឹង។
 នៅក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់អនុសាសន៍ចំនួន៧ចំណុច ដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាល មានដូចតទៅ  

ទី១៖ រដ្ឋធម្មនុញ្ញកម្ពុជា មានចែងយ៉ាងច្បាស់អំពីគោលការណ៍សមភាពចំពោះមុខច្បាប់ ដែលទាំងអស់គ្នាត្រូវគោរពច្បាប់ និងមិនមាននរណាម្នាក់នៅលើច្បាប់ទេ។ ដូចនេះ ជាទស្សនវិជ្ជានៃការរៀបចំប្រព័ន្ធច្បាប់ ដែលមិនអាចខ្វះបាន គឺច្បាប់នោះត្រូវតាក់តែងឱ្យបានល្អ ដោយកំណត់នូវរាល់វិធាននានា ឱ្យច្បាស់លាស់ និងត្រូវតែមានប្រសិទ្ធភាព មានប្រយោជន៍ បម្រើមនុស្ស បម្រើសង្គមជាតិកម្ពុជា  ព្រមទាំងត្រូវស័ក្តិសមទៅនឹងតថភាពជាក់ស្តែងរបស់កម្ពុជា ដោយបង្កប់នូវគុណតម្លៃល្អៗ ក្នុងនោះ មានទាំងគុណតម្លៃផ្នែកសីលធម៌ និយាមសង្គម ប្រពៃណី និងទំនៀមទម្លាប់ផងដែរ។ ទន្ទឹមនេះ ក៏ត្រូវគិតគូរដល់គុណតម្លៃសកលផងដែរ តែមិនត្រូវយកគុណតម្លៃសកលនេះមកសង្កត់យើងនោះទេ ពោលគឺយើងមានសេរីភាពសម្រេច និងជ្រើសរើសអ្វីដែលជារបស់ខ្លួនឯង។

ទី២៖ មុននឹងធ្វើច្បាប់ ឬតាក់តែងច្បាប់ ក៏ត្រូវគិតគូរផងដែរដល់ជម្រើសផ្សេងៗ ក្រៅពីការធ្វើច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតក្រោមច្បាប់ ដូចជាវិធានការអប់រំ និងណែនាំ វិធានការរដ្ឋបាល និងវិធានការសេដ្ឋកិច្ច ព្រមទាំងវិធានការផ្សេងៗទៀត ដែលមិនមែនជាលិខិតបទដ្ឋានគតិយុត្ត។ ក្នុងករណីជ្រើសយកជម្រើសវិធានការធ្វើច្បាប់ គឺត្រូវតែសិក្សាឱ្យបានច្បាស់អំពីផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តមកលើសេដ្ឋកិច្ច សង្គម បរិស្ថាន ធុរកិច្ច បុគ្គល និងថវិកាជាតិ ស្របតាមទិសស្លោកដែលថា លិខិតបទដ្ឋានគតិយុត្តល្អ សេដ្ឋកិច្ចរីកចម្រើន ជីវភាពប្រជាជនល្អប្រសើរ!។ តាមទស្សនវិជ្ជា ខុងជឺ ពេលធ្វើច្បាប់ត្រូវគិតពី Natural Acceptance និងពីអារម្មណ៍ប្រជាជន។
  
ទី៣៖ អភិក្រមនៃការរៀបចំច្បាប់ គឺដើម្បីដោះស្រាយបញ្ហារបស់មនុស្ស និងសង្គម គប្បីចៀសវាងឱ្យបាននូវបញ្ហា Vested Interest និង Conflict of Interest, កាត់បន្ថយនូវភាពស្មុគស្មាញ ឬការិយាធិបតេយ្យហួសហេតុ (red-tape) ដែលអាចបង្កការលំបាកដល់ការរីកធំធាត់ និងបង្កើនបន្ទុកមិនចំាបាច់ដល់ធុរកិច្ច អាជីវកម្ម និងប្រជាជន។ 

ទី៤៖ ការកសាងច្បាប់ ត្រូវគិតគូរ និងផ្សារភ្ជាប់ជាមួយនឹងការកសាងជាតិ និងចក្ខុវិស័យកម្ពុជារយៈពេលវែង ព្រមទាំងត្រូវបើកច្រកទុកឱ្យយើងអាចបត់បែនបាន ប៉ុន្តែបត់បែនក្នុងន័យបម្រើឱ្យការរស់រាន ការរីកចម្រើន និងស្ថិរភាព ចីរភាព នៃការអភិវឌ្ឍ និងការកសាងប្រជាជាតិកម្ពុជារបស់យើង។ ការរៀបចំប្រព័ន្ធច្បាប់របស់យើងនិង វប្បធម៌នីតិរដ្ឋ ត្រូវឆ្លុះបញ្ចាំងពីគោលដៅ និងទស្សនវិជ្ជា ក្នុងដំណើរដ៏វែងឆ្ងាយឆ្ពោះទៅរក២០៥០ ពោលគឺធ្វើ Alignment ជា Aspiration របស់ជាតិកម្ពុជាទាំងមូល។

ទី៥៖ ចំពោះការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ដែលមានលក្ខណៈជាច្បាប់គោល ត្រូវគិតគូរដល់គោលការណ៍រួម ដែលពាក់ព័ន្ធនឹងវិស័យច្បាប់នោះ (ឧទាហរណ៍ ដូចជាច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ ដែលបានកំណត់ឱ្យមានគោលការណ៍ចំនួន១០ចំណុច)។ ដូចនេះគ្រប់ច្បាប់ គួរមានចែងអំពីគោលការណ៍រួម ក្នុងនោះជាពិសេស ពាក់ព័ន្ធនឹងវិស័យជំនាញបច្ចេកទេសនិងបច្ចេកវិទ្យា ដូចជា បញ្ញាសិប្បនិម្មិត(AI) និងឧក្រិដ្ឋកម្មសាយប័រ(Cyber Crimes) ជាដើម។ 

ទី៦៖ យើងត្រូវរៀនសូត្រ និងដកស្រង់បទពិសោធពីឧត្តមានុវត្តន៍អន្តរជាតិឱ្យបានច្រើន ជាពិសេសពាក់ព័ន្ធនឹងវិស័យថ្មីៗ  ដូចជាវិស័យបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ជាដើម។ បើចាំបាច់យើងមិនគួរខ្លាចការចម្លងពីគេ ដើម្បីរៀបចំច្បាប់របស់យើងនោះទេ បើសិនជា Ecosystem ហ្នឹងស្រដៀងគ្នា និងមានប្រយោជន៍ ហើយស័ក្តិសមនឹងតថភាពប្រទេសយើង ព្រោះក្នុងបរិបទសាកលភាវូបនីយកម្ម យើងត្រូវបើកចំហរ ទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយអ្វីៗឆ្លងគ្នាទៅវិញទៅមក។

ទី៧៖ មុននឹងចុះសន្ធិសញ្ញា អនុសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិនានា គួរគិតគូរពីការទទួលយកទាំងស្រុង ឬចំណុចណាដែលមិនគួរទទួលយក។ បើចំណុចណាពុំផ្តល់ប្រយោជន៍សម្រាប់ប្រទេសជាតិ កុំទទួលយក យើងត្រូវធ្វើខរក្សាសិទ្ធិ មិនត្រូវទទួលយក១០០% ទេ៕

អត្ថបទដែលជាប់ទាក់ទង