ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្សីច្រានចោលការចោទប្រកាន់របស់ក្រុមលោកខាងលិចដែលថាខ្លួនបានបំពុលសម្លាប់មេបក្សប្រឆាំងរុស្ស៉ីលោក Nalvany កាលពី២ឆ្នាំមុន

100

មូស្គូ៖កាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់ពីក្រុមប្រទេសអឺរ៉ុបចំនួន៥ ដែលថារដ្ឋអំណាចរុស្ស៉ី គឺជាអ្នកសម្លាប់មេបក្សប្រឆាំង លោក Alexei Navalny កាលពី២ឆ្នាំមុន ដោយប្រើប្រាស់សារធាតុពុល យកចេញមកពីសត្វកញ្ចាញ់ចេកមួយប្រភេទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ស៊ុយអែត និងហូឡង់ បាននិយាយថា ការវិភាគធ្វើតេស្តលើ សំណាកបានមកពីសាកសពរបស់លោក Navalny បានបញ្ជាក់ឱ្យឃើញពីវត្តមានសារធាតុពុលម៉្យាង ហៅថា epibatidine ដែលមាននៅក្នុងខ្លួនសត្វកញ្ចាញ់ចេករស់នៅតំបន់អាមេរិកខាងត្បូង ហើយជាទូទៅមិនមានក្នុងប្រទេសរុស្ស៉ីទេ។

ប្រទេសអឺរ៉ុបទាំង៥ខាងលើ បាននិយាយថា លោក Navalny បានស្លាប់ពេលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដែលបានន័យថា រដ្ឋអំណាចរុស្ស៉ីមានមធ្យោបាយ ហេតុផល និងឱកាស ដើម្បីដាក់សារធាតុពុលនេះ ដើម្បីសម្លាប់រូបលោក។ យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចេញមុខច្រានចោល ការចោទប្រកាន់របស់ក្រុមលោកខាងលិច ដោយនិយាយថា «ជាធម្មតា យើងមិនទទួលយកការចោទប្រកាន់បែបនេះទេ។ យើងមិនយល់ស្របឡើយ។ យើងចាត់ទុក ការចោទប្រកាន់នេះ ថាមានលក្ខណៈលម្អៀង និងពុំមានមូលដ្ឋានអ្វីទាំងអស់។ យើងបដិសេធដាច់អហង្ការ»

គួរបញ្ជាក់ថា លោក Navalny បានបាត់បង់ជីវិត កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅពន្ធនាគារក្នុងតំបន់អាកទិក ចម្ងាយខ្ទង់ ជិត២០០០គីឡូម៉ែត្រពីភាគឦសានទីក្រុងមូស្គូ។ លោកមានអាយុ៤៧ឆ្នាំ។ ការស្លាប់របស់លោក ដែលរដ្ឋាភិបាលរុស្ស៉ីអះអាងថា កើតឡើងដោយឯកឯង គឺចំពេលខ្វះតែមួយខែប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី ដែលលោក វ៉្លាឌីមៀ ពូទីន បានបន្តទទួលជ័យជម្នះភ្លូកទឹកភ្លូកដី សម្រាប់អាណត្តិទី៥៕

អត្ថបទដែលជាប់ទាក់ទង