ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ចាប់ផ្តើមការធ្វើសមយុទ្ធយោធានៅច្រកសមុទ្រ Hormuz មុនកិច្ចចរចាជុំថ្មីជាមួយអាមេរិក

99

តេហេរ៉ង់៖កាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បានចាប់ផ្តើមការធ្វើសមយុទ្ធយោធា នៅឯតំបន់ច្រកសមុទ្រ Hormuz មុនកិច្ចពិភាក្សាជុំថ្មី ត្រូវធ្វើឡើងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា សមយុទ្ធយោធាខាងលើ ដែលមិនត្រូវបានបញ្ជាក់រយៈពេល គឺមានគោលដៅត្រៀមលក្ខណៈ កងកម្លាំងឆ្មាំបដិវត្តន៍ ដើម្បីទប់ទល់ការគំរាមកំហែងសន្តិសុខនិងយោធាដែលអាចកើតមានឡើង នៅច្រកសមុទ្រ Hormuz បន្ទាប់ពី សហរដ្ឋអាមេរិក បានដាក់ពង្រាយកម្លាំងជើងទឹកទ្រង់ទ្រាយធំ មានទាំងនាវាផ្ទុកយន្តហោះចម្បាំង មកកាន់មជ្ឈិមបូព៌ា។ អ្នកនយោបាយអ៉ីរ៉ង់មួយចំនួន ធ្លាប់បានគំរាមម្តងហើយម្តងទៀតអំពីការបិទខ្ទប់ច្រកសមុទ្រខាងលើ ជាច្រកផ្លូវទឹកដ៏សំខាន់មួយ ដែល២០ភាគរយនៃប្រេងផលិតលើពិភពលោក ត្រូវដឹកជញ្ជូនឆ្លងកាត់។

ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន នឹងបើកកិច្ចពិភាក្សាជុំថ្មីទៀត នៅទីក្រុងហ្សឺណែវនៃប្រទេសស្វ៉ីស នាថ្ងៃអង្គារនេះ ដែលសម្របសម្រួលដោយអូម៉ង់។ ប្រទេសទាំងពីរ ដែលជាសត្រូវនឹងគ្នាអស់រយៈពេល៤ទសវត្សរ៍ បានបន្តកិច្ចចរចាឡើងវិញ កាលពីថ្ងៃទី៦ ខែកុម្ភៈ នៅអូម៉ង់ ដែលជាលើកដំបូង ចាប់តាំងពីកិច្ចប្រឹងប្រែងការទូតបានដួលរលំ កាលពីខែមិថុនា ឆ្នាំ២០២៥ អំឡុងសង្រ្គាមផ្លូវអាកាសរវាងអ៉ីរ៉ង់និងអ៉ីស្រាអែល ដែលពេលនោះ អ៉ីស្រាអែលនិងអាមេរិក បានទម្លាក់គ្រាប់បែកលើមូលដ្ឋានចម្រាញ់នុយក្លេអ៊ែររបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធឱ្យអ៉ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងមួយ ដោយរូបលោក បានដាក់ពង្រាយកងកម្លាំងជើងទឹកធំសម្បើម មកកាន់តំបន់មជ្ឈិមបូព៌ា។ បន្ទាប់ពីបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង Abraham Lincoln មកតំបន់ឈូងសមុទ្រនៅមជ្ឈិមបូព៌ា កាលពីខែមករា លោក ត្រាំ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា នាវាផ្ទុកយន្តហោះចម្បាំងទី២ គឺ Gerald R Ford នឹងចេញដំណើរឆ្ពោះមកមជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗ៕

អត្ថបទដែលជាប់ទាក់ទង