ប្រធានាធិបតីអាមេរិលដូណាល់ត្រាំបន្តព្រមានអ៉ីរ៉ង់ពីផលវិបាកបើមិនអាចឈានដល់កិច្ចព្រមព្រៀង
វ៉ាស៉ីនតោន៖នាថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តព្រមានអ៉ីរ៉ង់ អំពីផលវិបាកនៃការមិនព្រមឈានដល់កិច្ចព្រមព្រៀង មុនកិច្ចពិភាក្សាជុំថ្មីរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៉ីស្លាមមួយនេះ នៅទីក្រុងហ្សឺណែវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ឆ្ពោះមកកាន់រដ្ឋធានីវ៉ាស៉ីនតោន លោក ត្រាំ បាននិយាយថា «ខ្ញុំនឹងចូលរួមពាក់ព័ន្ធមិនដោយផ្ទាល់ ក្នុងកិច្ចពិភាក្សាទាំងនោះ។ ខ្ញុំមិនយល់ថា ពួកគេ(អ៉ីរ៉ង់) មិនចង់ទទួលរងផលវិបាកនៃការមិនព្រម ឈានដល់កិច្ចព្រមព្រៀងមួយនោះទេ»។
កិច្ចពិភាក្សាថ្មីដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃអង្គារនេះ និងត្រូវបានសម្របសម្រួលដោយអូម៉ង់ កើតមានឡើងក្រោយការគំរាមម្តងហើយ ម្តងទៀតរបស់លោក ត្រាំ អំពីការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់ ដែលពីដំបូងគឺជុំវិញការបង្រ្កាបយ៉ាងប្រល័យរបស់ទីក្រុងតេហរ៉ង់ លើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ហើយថ្មីៗនេះគឺជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។
កន្លងមក ទីក្រុងវ៉ាស៉ីនតោន បានព្យាយាមជំរុញឱ្យមានការពិភាក្សាលើប្រធានបទដទៃទៀត រួមមានទាំងមីស៉ីលបាលិស្ទីគ និងការគាំទ្ររបស់ អ៉ីរ៉ង់ចំពោះក្រុមចលនាប្រដាប់អាវុធ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ កាលពីថ្ងៃចន្ទ ក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយថា ជំហររបស់អាមេរិកជុំវិញបញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់ បានបោះជំហានឆ្ពោះទៅរកភាពជាក់ស្តែងជាងមុន។
គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងចរចាគ្នាកាលពីលើកមុនបានដួលរលំ នៅពេលអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់ បង្កជាសង្រ្គាមផ្លូវអាកាស រយៈពេល១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥ ដែលអំឡុងពេលនោះ ទីក្រុងវ៉ាស៉ីនតោនបានចូលរួមទម្លាក់គ្រាប់បែក លើទីតាំងចម្រាញ់នុយក្លេអ៊ែររបស់អ៉ីរ៉ង់៕
