ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ជាការលើកកម្ពស់តម្លៃវប្បធម៌អរូបី និងការផ្ទេរចំណេះដឹងខាងទំនៀមទម្លាប់ប្រពៃណី ដល់យុវជនជំនាន់ក្រោយ

58

សៀមរា៖រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ឆ្នាំ២០២៦ មានរយៈពេល៣ថ្ងៃ ក្នុងគោលបំណងអភិរក្ស លើកកម្ពស់ប្រពៃណីបង្ហើរខ្លែង ដែលជាកេរមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ចូលរួមផ្សព្វផ្សាយអំពីសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីរបស់ខេត្តសៀមរាប។ បន្ថែមពីនេះ ការបង្ហើរខ្លែងខ្មែរ មិនគ្រាន់តែបង្កបរិយាកាសឱ្យសាធារណជន សប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ទេរនូវចំណេះដឹងខាងទំនៀមទម្លាប់ប្រពៃណី សម្រាប់យុវជនជំនាន់ក្រោយថែមទៀតផង។

ព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី លើកទី២ ឆ្នាំ២០២៦ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ ទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនបានចូលរួមទស្សនាព្រឹត្តិការណ៍នេះ ដោយបានបង្ហាញអារម្មណ៍រីករាយ នឹងមោទនភាពយ៉ាងក្រៃលែង ដែលបានឃើញខ្លែងខ្មែរបង្ហើរឡើង មានច្រើនប្រភេទ ដោយមានការចនាតុបតែងលម្អចម្រុះព័ណ ហោះព្រោងព្រាតពេញផ្ទៃអាកាសលើទីលានព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ នៃទឹកដីអង្គរខេត្តសៀមរាប។ 

លោក លី សារី អភិបាលរងខេត្តសៀមរាប បានថ្លែងក្នុងព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី ឆ្នាំ២០២៦ថា៖ នេះជាលើកទី២ហើយ ដែលរដ្ឋបាលខេត្ត បានរៀបចំព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ លើកតម្កើង មរតកវប្បធម៌ជាតិ និងដើមី្បជម្រុញវិស័យទេសចរណ៍ វប្បធម៌ ក្នុងការទាក់ទាញអ្នកទេសចរឱ្យមកកម្សាន្តនៅក្នុងខេត្តសៀមរាប។លោកបន្តថា៖ ការបង្ហើរខ្លែងខ្មែរ មិនគ្រាន់តែបង្កបរិយាកាស ឱ្យសាធារណជន សប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែជាការផ្ទេរនូវចំណេះដឹងខាងទំនៀមទម្លាប់ប្រពៃណី ដល់យុវជនជំនាន់ក្រោយ ក្នុងការថែរក្សាប្រតិបត្តិ និងលើកស្ទួយមរតកវប្បធម៌ជាតិ។

សំឡេងទី១«ការបង្ហើរខ្លែងឯកខ្មែរ មិនគ្រាន់តែបង្ករបរិយាកាសឱ្យបងប្អូនប្រជាពលរដ្ឋ សាធារណជន មានការសប្បាយរីករាយតែប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ទេខាងចំណេះដឹងខាងទំនៀមទម្លាប់ ប្រពៃណីដល់យុវជនជំនាន់ក្រោយឱ្យបានស្តាប់ ឱ្យស្គាល់យល់ដឹងនិងការចូលរួមប្រតិបត្តិថែរក្សាការពារលើកស្ទួយអត្តសញ្ញាណជាតិ។ចូលរួមយ៉ាងសកម្មក្នុងការសិក្សាស្រាវជ្រាវ ចងក្រងរក្សាទុកជាឯកសារបេតិកភណ្ឌវប្បធម៌មួយនេះ ឱ្យបានស្ថិតស្ថេគង់វង្សជាដរាប។មួយវិញទៀត ព្រឹត្តិការណ៍បុណ្យខ្លែងឯកខ្មែរ គឺជាពិធីមួយដែលសកលលោកកំពុងពេញនិយម និងមានជំនឿយ៉ាងជ្រាវជ្រៅ ហើយជាចលករមួយចូលរួមចំណែកទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យកាន់តែស្គាល់និងស្រឡាញ់ប្រទេសកម្ពុជាផងដែរ»។

លោកអភិបាលរងខេត្តមានប្រសាសន៍បន្តថា៖ ព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី ខេត្តសៀមរាប ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់តម្លៃវប្បធម៌អរូបីជាតិ។ ព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី នេះបានក្លាយជាចលករមួយ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើនឡើងផងដែរ ។ ទន្ទឹមនឹងនេះ សម្រាប់ឆ្នាំ២០២៧ខាងមុខ ដើម្បីបន្តរក្សាកំណើន ទាក់ទាញភ្ញៀវទេសចរ និងថែរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ជាតិយើង ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោកបានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក វិស័យឯកជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាបន្តគាំទ្រឱ្យបានផុលផុស ដើម្បីបន្តការរៀបចំនូវកម្មវិធី និងព្រឹត្តិការណ៍នានា ក្នុងខេត្តសៀមរាបនៅឆ្នាំបន្តបន្ទាប់ទៀត ។

 លោក អន គុណរ័ត្ន នាយកសាលាបឋមសិក្សាវត្តរាជបូណ៍ ខេត្តសៀមរាប បាននាំដឹកនាំសិស្សានុសិស្សនាំយកខ្លែងឯក មានឈ្មោះថា ហង្សឯករាជបូណ៍ ជាការចូលរួមដំឡើងដោយផ្ទាល់ពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទៅចូលរួមក្នុងព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី ឆ្នាំ២០២៦ សកម្មភាពទាំងនេះ គឺជាឱកាស ដែលជំរុញឱ្យកុមារបានស្គាល់ និងជួយថែរក្សានូវតម្លៃ ដែលជាសម្បត្តិវប្បធម៌ កេរដំណែលរបស់ខ្មែរតាំងពីបុរាណកាលមកកុំឱ្យបាត់បង់។

សំឡេងទី២«ដោយសារយើងចង់ឱ្យក្មេងៗគាត់បានស្គាល់ និងបានរក្សានូវតម្លៃ អ្វីដែលជាសម្បត្តិវប្បធម៌យើង និងជាប្រពៃណីរបស់យើង អ៊ីចឹងហើយបានយើងជំរុញឱ្យក្មេងៗ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានព្យាយាមជំរុញឱ្យក្មេងៗជំនាន់ក្រោយ មានការយល់ដឹងពីអ្វីដែលជាសម្បត្តិរបស់យើង និងអ្វីដែលយើងអាចធ្វើបាន។ ធាតុពិតរបស់ទាំងអស់នេះ យើងធ្លាប់បាន មិនថាតែខ្ញុំទេ យើងធ្លាប់លេងតាំងពីតូច តែមិនធ្លាប់មានកម្មវិធីចូលរួមព្រឹត្តិការណ៍ធំៗអ៊ីចឹងទេ តែពេលនេះមានឱកាសបានឃើញសម្រាប់ខេត្តសៀមរាបបានធ្វើកម្មវិធីនេះ ទូទាំងខេត្តប៉ុន្មានទៀតដែលបានចូលរួម ហើយក៏យើងបានជំរុញឱ្យកុមារសិស្សានុសិស្ស មកចូលរួម ហើយឱ្យដឹងថាអ្វីជាព្រឹត្តិការណ៍ និងអ្វីជាតម្លៃរបស់យើង »។

ចំណែលោក ប្រាក់ សេងហ័រ នាយករដ្ឋបាលសាលាស្រុកវ៉ារិន ខេត្តសៀមរាប បានលើកឡើងថា៖ នេះជាលើកទី២ហើយ ដែលអាជ្ញាធរស្រុកបាននាំយកខ្លែងឯក មកចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី។ លោកថា៖ លទ្ធផលនៃការប្រកួតឈ្នះឬចាញ់មិនសំខាន់ឡើយ អ្វីដែលសំខាន់នោះគឺ ព្រឹត្តិការណ៍បង្ហើរខ្លែង បានបង្ហាញពីស្មារតីសាមគ្គីភាព ជាពិសេសរម្លឹកឡើងវិញនូវវប្បធម៌ប្រពៃណីរបស់ខ្មែរដែលមានតាំងពីបុរាណកាលមក ឱ្យកូនចៅជំនាន់បន្តថែរក្សាទំនៀមទម្លាប់ដ៏ផូផង់មួយនេះ។

សំឡេងទី៣« ក្រោយការផ្សព្វផ្សាយ អាជ្ញាធរស្រុកបានណែនាំឱ្យខ្ញុំជានាយករដ្ឋបាលរៀបចំខ្លែង ដើម្បីចូលរួម តំណាងឱ្យស្រុកយើង បង្ហាញថាស្រុកវ៉ារិនមានលទ្ធភាពប្រកួតប្រជែងដែរ។ បើនិយាយពីការធ្វើខ្លែងពួកខ្ញុំអត់ចេះទេ មានតែចាស់ៗជំនាន់មុនៗ យើងពឹងគាត់ឱ្យធ្វើ បើនិយាយឱ្យចំទៅ យើងចូលរួមបង្ហើរជាសកម្មភាពមួយបង្ហាញឱ្យក្មេងៗជំនាន់ក្រោយ យកចិត្តទុកដាក់ ចងចាំនូវអ្វីជាប្រពៃណីខ្មែរពីដូនតារបស់យើង ដើម្បីរម្លឹកបន្តៗគ្នា ដើម្បីមានសកម្មភាពនេះបន្តទៀត »។

លោកមួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប មានប្រសាសន៍ថា៖ ខ្លែងឯក និងខ្លែងសេរីសរុបចំនួន១៣៨ តំណាងអង្គភាព ស្ថាប័នរដ្ឋ ឯកជន និងបេក្ខជនទាំងក្នុងខេត្ត និងក្រៅខេត្ត បាននាំយកមកប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ឆ្នាំ២០២៦។លោកថា៖ ការរៀបចំព្រឹត្តិការណ៍បង្ហើរខ្លែងនេះ ក្នុងគោលបំណងថែរក្សា និងលើកស្ទួយប្រពៃណីបង្ហើរខ្លែង ដែលបង្កប់អត្ថន័យខ្លឹមសារសំខាន់ បានបន្សល់ទុកពីដូនតាមក ជាក់ស្តែងភស្តតាងក្នុងសិលាចារឹកជាតឹកតាងស្រាប់ ដើម្បីបង្ហាញនិងជំរុញឱ្យយុវជនជំនាន់ក្រោយបន្តថែរក្សា។

សំឡេងទី៤« មានចារក្នុងសិលាចារឹក នាសតវត្សរ៍ទី៩ មានភស្តតាងដែលខ្មែរយើងមានបង្ហោះខ្លែង អ៊ីចឹងយើងឃើញក្នុងពិធីទ្វារទសមាស រដូវខ្លែងចាប់ពីខែធ្នូ ខែមករា កុម្ភៈ និងខែមីនា គឺជាពិធីបង្ហោះខ្លែង អ៊ីចឹងពិធីបង្ហោះខ្លែងខ្មែរយើងបង្ហោះក្នុងពិធីសុំកុំឱ្យមានភ្លៀង ដោយសាររដូវច្រូតកាត់។ ខ្មែរយើងមានពិធីសុំទឹកភ្លៀង និងសុំកុំឱ្យមានភ្លៀង អ៊ីចឹងពិធីបង្ហោះខ្លែង គឺពិធីសុំកុំឱ្យមានភ្លៀង ដោយសារជារដូវបញ្ចប់ការប្រមូលផល។ អ៊ីចឹងទី១.យើងចង់អភិរក្ស រក្សាបាននូវប្រពៃណី ជាពិសេសវប្បធម៌អរូបីខ្លែងឯកនេះកុំឱ្យបាត់បង់។ទី២.ធ្វើឱ្យក្មេងៗជំនាន់ក្រោយគាត់ស្គាល់ និងបន្តវេនធ្វើការបង្ហោះខ្លែងជារៀងរាល់ឆ្នាំ ធ្វើឱ្យកម្មវិធីខ្លែងមានភាពរស់រវើក។មួយទៀតខេត្តយើង ជាខេត្តទេសចរណ៍វប្បធម៌ផង អ៊ីចឹងយើងធ្វើឱ្យមានសកម្មភាពនេះ ដើម្បីទាក់ទាញទេសចរផង»។

លោកប្រធានមន្ទីរវប្បធម៌បានបន្ថែមទៀតថា៖ ព្រឹត្តិការណ៍បង្ហើរខ្លែង នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលអាចទាក់ទាញទេសចរជាតិនិងអន្តរជាតិ។ជាក់ស្តែងឆ្នាំ២០២៦នេះ ទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានចូលរួម ដើម្បីទស្សនាការបង្ហើរខ្លែង ព្រមទាំងស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់មួយនេះ។

សំឡេងទី៥ «អំពាវនាវដល់ពលរដ្ឋយើងទាំងអស់ ពេលរដូវបុណ្យខ្លែង សូមចូលរួមលើកតម្លៃខ្លែងឯកខ្មែរ និងប្រភេទខ្លែងខ្មែរយើង យើងឃើញថាក្មេងៗខ្លះៗគាត់អត់បានស្គាល់ពីខ្លែងខ្មែរ គាត់យកខ្លែងបរទេសបង្ហោះ អ៊ីចឹងយើងសុំឱ្យប្រជាពលរដ្ឋស្វែងយល់ពីបញ្ហាហ្នឹង ដើម្បីលើកស្ទួយមរតកវប្បធម៌ដូនតាយើងផង »។

ព្រឹត្តិការណ៍បង្ហើរខ្លែងឯក ខ្លែងសេរី និងខ្លែងតូចៗ បានរៀបចំឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងនោះ ខ្លែងដែលបានចូលរួមប្រកួតប្រជែង សរុបចំនួន១៣៨ខ្លែង មានខ្លែងឯក មានចំនួន៩៣ខ្លែង និងខ្លែងសេរីមានចំនួន៤៥ខ្លែង តំណាងស្ថាប័នអង្គភាពជុំវិញខេត្តសៀមរាប និងតំណាងប្រតិភូខ្លែងឯក ខ្លែងសេរីមកពីបណ្តារាជធានីខេត្ត មាន៖រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តស្ទឹងត្រែង ពោធិ៍សាត់ ស្វាយរៀង កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តព្រះវិហារជាដើម។ ព្រឹត្តិការណ៍បង្ហើរខ្លែងឯក ខ្លែងសេរី ឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករទៅទស្សនា ដើម្បីលើកស្ទួយវប្បធម៌អរូបី ដែលជាកេរមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។

សូមជម្រាបផងដែរថា ក្នុងសង្គមខ្មែរ ការបង្ហើរខ្លែងពុំគ្រាន់តែជាការកម្សាន្តសប្បាយនោះទេ គឺជាពិធីដែលមានទំនាក់ទំនងភ្ជាប់ទៅនិងសាសនា ជំនឿរបស់អ្នកស្រុក ដែលជាពិធីបុណ្យមួយ នៃបុណ្យទ្វារទសមាសតាំងពីបុរាណ។ ជាក់ស្តែង តាមរយៈឯកសារស្រាវជ្រានានា រៀងរាល់ឆ្នាំ ពីថ្ងៃ១២កើត ដល់១៥កើត ខែមគសិរ ត្រូវនិងខែវិច្ឆិកា ឬខែធ្នូ នៅរាជធានីឧដុង្គ ព្រះបាទអង្គឌួង តែងប្រារព្ធព្រះរាជពិធីបង្ហោះខ្លែង តាមបែបព្រះពុទ្ធសាសនា ដោយមានសង់រោងពិធី៥អន្លើ ហើយនិមន្តព្រះសង្ឈជារាជគណៈចម្រើនព្រះបរិត្ត នៅគ្រប់រោងទាំង៥ ដែលមានតាំងគោម និងខ្លែងចំនួន៥។ ព្រះរាជពិធីនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសដល់ព្រះចូឡាមណីចេតីយ៍ នៅឋានត្រ័យត្រិង្សនិងដើម្បីបួងសួងកុំឱ្យមានភ្លៀង ឬទឹកជំនន់ក្នុងឱកាសច្រូតកាត់ ព្រមទាំងដើម្បីសុភមង្គល និងសុខសន្តិភាពសម្រាប់ប្រជារាស្ត្រទូទាំងនគរខ្មែរ។ ចាប់តាំងពីព្រះអង្គឌួង សោយទីវង្គត់នាឆ្នាំ១៨៦០ទៅ ពិធីបង្ហោះខ្លែងពុំមានព្រះមហាក្សត្រជំនាន់ក្រោយៗ រៀបចំជាព្រះរាជពិធីទៀតឡើយ ប៉ុន្តែសកម្មភាពបង្ហោះខ្លែង របស់អ្នកស្រុកនៅតែបង្ហោះកម្សាន្តសប្បាយ នារដូវច្រូតកាត់រៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ១៩៧០។ សង្រ្គាមចាប់ពីទសវត្សឆ្នាំ១៩៧០ ព្រមទាំងរបបខ្មែរក្រហម បានធ្វើឱ្យប្រជាជនយើងអត់បាយ បែកបាក់ ស្លាប់ និងនិរាសព្រាត់ប្រាស់គ្រួសារ សកម្មភាពបង្ហោះខ្លែងក៏ត្រូវបាត់បង់ទៅ។ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ខ្លែងក៏បានរស់ឡើងវិញ និងបានល្បីសុះសាយនៅទូទាំងប្រទេស និងលើឆាកអន្តរជាតិរហូតដល់ពេលបច្ចុប្បន្ននេះ៕អត្តបទវិទ្យុជាតិកម្ពុជា

អត្ថបទដែលជាប់ទាក់ទង