ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ីចោទសួរថា«ក្រុមប្រឹក្សាសន្តិភាព»របស់លោកត្រាំនឹងធ្វើការជាមួយក្រុមប្រឹក្សាសន្តិសុខ UN ដោយរបៀបណា

71

ក្រុងមូស្គូនាថ្ងៃ ទី២៦ ខែកុម្ភៈ ២០២៦រុស្ស៉ីបានសួរថាតើក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើការដោយរបៀបណា ជាមួយក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ (UN) ដែលបានដើរតួនាទីជាស្ថាប័នរក្សាសន្តិសុខ និងសន្តិភាពរបស់អន្តរជាតិ ចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ដំបូងឡើយ លោក ត្រាំ បានស្នើបង្កើតក្រុមប្រឹក្សាខាងលើឡើង កាលពីខែកញ្ញា ឆ្នាំ២០២៥ នៅពេលដែលលោកបញ្ចេញផែនការ ដើម្បីបញ្ចប់សង្រ្គាមរបស់អ៉ីស្រាអែល នៅដែនដីប៉ាឡេស្ទីនហ្កាហ្សា។ ប៉ុន្តែក្រោយមក លោកបាននិយាយថា តួនាទីរបស់ក្រុមប្រឹក្សានេះ នឹងត្រូវពង្រីកទៅដោះស្រាយជម្លោះដទៃទៀត នៅជុំវិញពិភពលោក ខណៈជាយូរមកហើយ កិច្ចប្រឹងប្រែងបែបនេះ គឺជាការទទួលខុសត្រូវរបស់ UN។ សហរដ្ឋអាមេរិក គឺជាសមាជិកអចិន្រ្តៃយ៍តែមួយគត់នៃក្រុមប្រឹក្សាសន្តិសុខ UN ដែលជាសមាជិកក្នុងក្រុមប្រឹក្សាសន្តិភាព។ សមាជិកដទៃទៀតនៃក្រុមប្រឹក្សាសន្តិសុខ UN រួមមានរុស្ស៉ី ចិន ចក្រភពអង់គ្លេស និងបារាំង។

លោក Kirill Logvinov ប្រធាននាយកដ្ឋានអង្គការអន្តរជាតិនៃក្រសួងការបរទេសរុស្ស៉ី បាននិយាយថា ធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព កំណត់ខ្លួនជាស្ថាប័នអន្តរជាតិថ្មីមួយ រចនាឡើងដើម្បីជំនួសយន្តការចាស់ៗ ដែលហាក់លែងមាន ប្រសិទ្ធិភាពតទៅទៀត។ លោក Logvinov បានបន្តថា ក្នុងកាតព្វកិច្ចរបស់ក្រុមប្រឹក្សាសន្តិភាព គឺពុំមានលើកឡើងអំពីហ្កាហ្សាទេ។ 

មន្រ្តីរុស្ស៉ីរូបនេះបានបន្ថែមដូច្នេះថា «វាច្បាស់ណាស់ថា លក្ខណៈបែបនេះគឺបង្កឱ្យមានសំណួរថា តើក្រុមប្រឹក្សាសន្តិភាព នឹងធ្វើការទន្ទឹមគ្នាយ៉ាងដូចម្តេចជាមួយអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខរបស់ UN ដែលជាស្ថាប័នត្រូវបានទទួល ស្គាល់ជាសកល សម្រាប់កិច្ចការរក្សាសន្តិភាពនិងសន្តិសុខរបស់អន្តរជាតិ»។ លោក Logvinov ក៏បានលើកឡើងជាថ្មីផងដែរ នូវការសង្កេតឃើញរបស់រុស្ស៉ី ចំពោះការដែលអគ្គលេខាធិការ UN លោក Antonio Guterres មិនត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងក្រុមប្រឹក្សាសន្តិភាពឡើយ មកទល់ពេលនេះ។

គួរបញ្ជាក់ថា ធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាព និយាយថា ខ្លួននឹងដើរតួនាទីជួយកសាងសន្តិភាព ដោយស្របទៅតាមច្បាប់អន្តរជាតិ។ លោក ត្រាំ ដែលជាប្រធានក្រុមប្រឹក្សានេះ នឹងមានអំណាចប្រតិបត្តិទូលំទូលាយ ក្នុងនោះរួមបញ្ចូលទាំងសមត្ថភាពវ៉េតូការសម្រេចចិត្ត ក៏ដូចជាបណ្តេញសមាជិក ហើយស្ថិតក្រោមការរឹតត្បិតតិចតួច។ ដោយឡែក បើតាម UN ការទទួលខុសត្រូវចម្បងរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺរក្សាការពារសន្តិភាពនិងសន្តិសុខអន្តរជាតិ ដោយកិច្ចប្រជុំដំបូងបំផុត ត្រូវបានធ្វើឡើង នៅទីក្រុងឡុងដ៍កាលពីឆ្នាំ១៩៤៦ ប៉ុន្តែមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក៕

អត្ថបទដែលជាប់ទាក់ទង