កាន់ទុក្ខ៤០ថ្ងៃលោក Khamenei កូនស្រីកូនប្រសារនិងចៅប្រុសរបស់លោក ,រដ្ឋមន្រ្តីការពារជាតិមេបញ្ជាការឆ្មាំបដិវត្តន៍អ៉ីរ៉ង់ស្លាប់ក្នុងការវាយប្រហារបស់អាមេរិកនិងអ៉ីស្រាអែល,សាលានៅអ៉ីរ៉ង់៤៥នាក់
តេហេរ៉ង់៖ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars news នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថារដ្ឋាភិបាលអ៉ីរ៉ង់បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៤០ថ្ងៃ ដើម្បីបង្ហាញ ពីទុក្ខក្រៀមក្រំនៃការស្លាប់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera។
តាម Fars news រដ្ឋាភិបាលអ៉ីរ៉ង់ក៏បានប្រកាសពីការឈប់សម្រាកថ្នាក់ជាតិរយៈពេល៧ថ្ងៃផងដែរ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរួមគ្នាធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។
រហូតដល់ថ្ងៃអាទិត្យនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ជាច្រើនរួមមាន IRIB Tasnim និង Fars news បានទទួលស្គាល់ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ពិតជាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ។
Reuters៖ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars news បានរាយការណ៍នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ថាកូនស្រី កូនប្រសារប្រុស និងចៅប្រុសរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
សេចក្ដីរាយការណ៍ខាងលើ កើតមានឡើងបន្ទាប់ពីលោក ត្រាំ និងក្រុមមន្ត្រីអ៉ីស្រាអែលបានអះអាងថាលោក Khamenei ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដែរ។ ប៉ុន្តែក្រុមមន្ត្រីអ៉ីរ៉ង់បានច្រានចោលការអះអាងបែបនេះដោយហៅថាវាគ្រាន់តែជាសង្រ្គាមចិត្តសាស្ត្រប៉ុណ្ណោះ។ នៅថ្ងៃអាទិត្យនេះដែរ យោធាអ៉ីស្រាអែលបានបើកការវាយប្រហារ ជាថ្មីលើអ៉ីរ៉ង់ ដោយកំណត់គោលដៅលើឃ្លាំងមីស៊ីលបាលិស្ទីគ និងប្រព័ន្ធការពារដែនអាកាស។
ដោយឡែករដ្ឋមន្រ្តីការពារជាតិអ៉ីរ៉ង់ និងមេបញ្ជាការឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល ។
តេហេរ៉ង់៖រដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ង់ លោក Amir Nasirzadeh និងមេបញ្ជាការឆ្មាំបដិវត្តន៍ លោក Mohammed Pakpour ត្រូវបានគេជឿថាត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ នេះបេីយោងតាមប្រភពចំនួនពីរដែលដឹងអំពីប្រតិបត្តិការយោធារបស់អ៉ីស្រាអែល និងប្រភពក្នុងតំបន់មួយទៀត ប្រាប់មកកាន់ Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។
រីឯចំនួនអ្នកស្លាប់ក្នុងសាលានៅអ៉ីរ៉ង់កេីនដល់ ៤៥នាក់ ក្រោយការវាយប្រហាររបស់អ៉ីស្រាអែល និងអាមេរិក។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៉ីស្រាអែល និងសហរដ្ឋអាមេរិកលេីអ៉ីរ៉ង់ បានសម្លាប់មនុស្សកេីនឡេីងដល់ ៤៥នាក់ហេីយ និងបង្កឱ្យមានការសងសឹកពីអ៉ីរ៉ង់នៅទូទាំងតំបន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។
ទីភ្នាក់ងារព័ត៌មាន IRNA រាយការណ៍ថា ការវាយប្រហារនោះកេីតឡេីងនៅសាលាបង្រៀនក្មេងស្រីមួយកន្លែង ក្នុងទីក្រុង Minab ខេត្ត Hormozgan ភាគខាងត្បូងប្រទេសអ៉ីរ៉ង់។ ដំបូងឡេីយអ្នកស្លាប់ត្រូវបានរាយការណ៍ថាមានចំនួនតែ ២៤នាក់ប៉ុណ្ណោះ។ ឆ្មាំបដិវត្តន៍ប៉ារ៉ាយោធាអ៉ីរ៉ង់ កំពុងត្រូវបានដាក់ពង្រាយក្នុងទីក្រុង។
អ៉ីរ៉ង់ បានវាយប្រហារសងសឹកលេីអ៉ីស្រាអែល និងមូលដ្ឋានយោធាអាមេរិកនៅតាមបណ្តាប្រទេសអារ៉ាប់។ មកទល់ពេលនេះ ទាំងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល មិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីការខូចខាតណាមួយនៅឡេីយទេ៕
