ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រាំព្រមានវាយដោយប្រើកម្លាំងដ៏ខ្លាំងមិនធ្លាប់មានប្រសិនបើអ៉ីរ៉ង់ហ៊ានសងសឹក,ខណៈអ៉ីស្រាអែលប្រើយន្ដហោះចម្បាំង២០០គ្រឿងដើម្បីវាយប្រហារលើអ៉ីរ៉ង់

54

វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានព្រមានថានឹង វាយប្រហារលើអ៉ីរ៉ង់ជាមួយកម្លាំងដ៏ខ្លាំងក្លាមិនធ្លាប់មាន ប្រសិនបើតេហេរ៉ង់នៅតែបន្តបើកការវាយប្រហារសងសឹកទៅនឹងការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន លោក Ayatollah Ali Khamenei។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានសរសេរដូច្នេះថា «អ៉ីរ៉ង់ទើបតែប្រកាសថាពួកគេកំពុងបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅថ្ងៃនេះ ខ្លាំងជាងការវាយប្រហារដែលពួកគេធ្លាប់បានធ្វើកន្លងមក»។ លោកប្រធានាធិបតីអាមេរិកបានបន្តទៀតថា «ពួកគេមិនត្រូវធ្វើវាទេ តែប្រសិនបើពួកគេហ៊ានធ្វើ នោះយើងនឹង វាយប្រហារជាមួយកម្លាំងដ៏ខ្លាំងដែលមិនធ្លាប់មានពីមុនមក»

នៅថ្ងៃអាទិត្យនេះដែរ អ៉ីរ៉ង់បានព្រមានថាសងសឹក ក៏ដូចជាស្វែងរកយុត្តិធម៌ឱ្យលោក Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ម្សិលមិញ។

យោធាអ៉ីស្រាអែលបានប្រើប្រាស់យន្ដហោះចម្បាំង ២០០គ្រឿង នៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយដែលនេះជាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Business Insider។ 

តាមយោធាអ៉ីស្រាអែល យន្ដហោះចម្បាំងទាំងនោះបានទម្លាក់គ្រាប់បែករាប់រយគ្រាប់លើគោលដៅជាង ៥០០ ស្ថិតនៅភាគខាងលិច និងភាគកណ្ដាលនៃប្រទេសអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធបាញ់មីស៊ីល។ 

យោធាអ៉ីស្រាអែលឱ្យដឹងដែរថាក្នុងចំណោមយន្ដហោះចម្បាំងទាំង២០០គ្រឿងដែលបានចូលរួមក្នុងប្រតិបត្តិការវាយប្រហារលើអ៉ីរ៉ង់ ក៏មានផងដែរយន្ដហោះចម្បាំងបំបាំងកាយ F-35 និង F-15៕

អត្ថបទដែលជាប់ទាក់ទង